ហេតុអ្វីបន្ទោសមនុស្សស្រី? រៀបការច្រើនដងក៏ខុស លែងលះជាស្រីមេម៉ាយក៏ខុស អត់រៀបការ អត់យកប្ដីក៏ខុស

ហេតុអ្វីបន្ទោសមនុស្សស្រី? រៀបការច្រើនដងក៏ខុស លែងលះជាស្រីមេម៉ាយក៏ខុស អត់រៀបការ អត់យកប្ដីក៏ខុស
ការផ្សាយពាណិជ្ជកម្ម

គ្មានមនុស្សស្រីណា ចង់មានប្ដីពីរបី ការហើយលែងៗនោះឡើយ មនុស្សប្រុសមានប្រពន្ធច្រើន មិនដែលមានអ្នកណាពេបជ្រាយទេ តែបើមនុស្សស្រីប្ដីច្រើន គេប្រាកដជាដៀលត្មេះ មាក់ងាយ ថាជាស្រីមិនល្អ ស្រីស៊ីប្ដី តម្លៃ និងកេរ្តិ៍ឈ្មោះក៏ប្រែជាបាត់បង់ អាប់ឱន តែសួរថា នាងចង់បែបហ្នឹងមែនទេ គឺអត់ទេ ស្ដីបន្ទោសតែមនុស្សស្រីប្ដីច្រើន ចុះមិនស្ដីថាឱ្យប្រុសទាំងនោះផងទៅ មកពីពួកគេចរិតមារយាទសន្ដានមិនល្អ តើឱ្យនាងទ្រាំទ្ររស់នៅជាមួយប្ដីប្រភេទនេះបានយ៉ាងម៉េច? មនុស្សស្រីចាំតែខុស រៀបការម្ដងហើយម្ដងទៀក៏ខុស រៀបការខុស លែងលះក៏ខុស មានឈ្មោះជាស្រីមេម៉ាយក៏ខុស សូម្បីតែមនុស្សស្រីដែលអាចមើលថែខ្លួនឯងបាន​ នាងឯករាជ្យ មិនយកប្ដីក៏ខុស តើធ្វើបែបណាទើបត្រូវចិត្តអ្នក?

ហេតុអ្វីបន្ទោសមនុស្សស្រី? រៀបការច្រើនដងក៏ខុស លែងលះជាស្រីមេម៉ាយក៏ខុស អត់រៀបការ អត់យកប្ដីក៏ខុស
រូបភាពដំណាង

កើតមកជាមនុស្សស្រី នាងចង់មានសំណាងនៅក្នុងជីវិតគ្រួសារ ចង់មានសំណាងក្នុងរឿងជីវិតគូ ចង់មានប្ដីល្អ មានកូនល្អ តែនាងកម្មណាស់ មនុស្សស្រីជាច្រើនរស់នៅរងគ្រោះព្រោះតែជីវិតគ្រួសារ ឪពុកម្ដាយបែកបាក់ នាងត្រូវក្លាយជាកូនកំព្រា នាងត្រូវរ៉ាប់រងជីវិតគ្រួសារ បន្ទុកគ្រប់យ៉ាងត្រូវធ្លាក់លើនាង គ្មានទីពឹង គ្មានជំហ មានតែប្រឹងប្រែង ក្រោកឈរ តស៊ូដោយខ្លួនឯង …។ មនុស្សស្រីបន្ទាប់ពីរៀបការហើយ នឹកថាបានសោយសុខសំណាង តែចង្រៃបានប្ដីមិនល្អ នាំតែទុក្ខ សាងបញ្ហា បើមិនបំផ្លាញរឿងស្រីស្រា គឺបំផ្លាញរឿងល្បែង ប្ដីខ្លះអំនួត ក្អេងក្អាងធំតែឯង ត្រួតត្រា គាបសង្កត់ ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ​។ មនុស្សស្រីខ្លះ​រៀបការហើយនឿយទាំងកាយ ហត់ទាំងចិត្ត ឈឺចិត្តស្អិតទ្រូង រងកម្មស្ទើរតែមួយជីវិត បើលែងលះ ច្បាស់ជាគេសើចចំអក បើទ្រាំនៅមានតែវេទនាឥតស្រាកស្រាន្ត ហេតុអ្វីមិនអាចថែមនុស្សស្រីម្នាក់បាន មិនអាចសាងសុភមង្គលឱ្យគ្រួសារ?

ការផ្សាយពាណិជ្ជកម្ម

សូមចាំផងថា គ្មានមនុស្សស្រីណាចង់រៀបការហើយលែងលះ នាងក៏មិនចង់លែងប្ដីមួយហើយយកប្ដីមួយទៀត រៀបការម្ដងហើយម្ដងទៀតនោះទេ តែនាងរឹតតែមិនអាចរស់នៅជាមួយប្ដីដែលមិនអាចធ្វើជាទីពឹងឱ្យនាង នាងក៏មិនចង់បានជីវិតជាស្ត្រី ប្ដីមួយចែកជាមួយស្រីផ្សេងនោះដែរ … ចំណែកឯមនុស្សស្រីដែលនៅលីវ មិនព្រមរៀបការ មិនយកប្ដី នាងក៏មិនខុសនោះដែរ នាងមានជម្រើស នាងមានសិទ្ធជ្រើសរើសក្នុងជីវិតរបស់នាង។ ហើយកុំនិយាយថា អត់ប្ដី អត់កូនចាស់ទៅវេទនា អត់យកប្ដីឈឺទៅគ្មានអ្នកណាមើល ចង់ប្រាប់ថា ស្ត្រីខ្លះ មានប្ដីមានកូន ក៏មិនប្រាកដថាចាស់ទៅសំណាងដែរ … ចំណែកអ្នកខ្លះ ទោះបីមានប្ដី ក៏មិនប្រាកដថា ពេលឈឺមានប្ដីនៅមើលថែនាងដែរ … មនុស្សស្រីខ្លះ ពេលកំពុងតែឈឺ លំបាក ហត់នឿយ តែប្ដីនាងកំពុងតែទៅសោយសុខ ឱបថើបស្រីខាងក្រៅ ចេញទៅដើរលេងស៊ីផឹកជួបជុំពួកម៉ាក អទ់ខ្វល់ពីនាងឡើយ។

A9e8dff39cd07b83ed808b17bad515d1
រូបភាពដំណាង

មនុស្សស្រីមានសិទ្ធក្នុងការជ្រើសរើសជីវិតមួយដែលល្អសម្រាប់នាង មិនថានាងរៀបការប៉ុន្មានដង មានប្ដីប៉ុន្មានទេ សំខាន់ នាងគួរតែអាចទទួកបានសំណាងមួយ នៅពេលដែលនាងមានប្ដីចូលមកក្នុងជីវិត ។ ចំណែកមនុស្សស្រីដែលនៅលីវ​នាងមានសិទ្ធសម្រេចចិត្តថា យកប្ដី ឬក៏អត់ សំខាន់នាងអាចរកស៊ី រកលុយ មើលថែខ្លួនឯងបាន កុំនិយាយរឿងចាស់ទៅគ្មានអ្នកណាមើល កុំគិតថានាងអត់ប្ដី ព្រោះគ្មានអ្នកណាយក សំខាន់នាងមានក្ដីសុខគ្រប់គ្រាន់ បើនាងមិនអាចរកបានមនុស្សដែលផ្ដលសំណាងឱ្យនាង នាងក៏អាចរស់នៅម្នាក់ឯង ផ្ដល់សំណាងឱ្យខ្លួនឯងបានដែរ។ បោះចោលទៅ ទស្សនៈ “អត់ប្ដីអត់កូន ចាស់ទៅវេទនា” ព្រោះមានមនុស្សខ្លះ មិនទាន់ចាស់ផងក៏វេទនាគ្រាំចិត្តព្រោះតែប្ដី និងកូននេះហើយ …។ បើនិយាយពីធម៌ព្រះ មនុស្សដែលមិនជាប់ជំពាក់ក្នុងកាមគុណ គ្មានកិលេស មិនជាប់ចំណងប្រាំប្រការ គ៏ជាមនុស្សដែលស្អាតស្អំ មិនជំពាក់កម្មអ្នកណា មិនបាច់សាងកម្មជាមួយអ្នកណា … ។

ការផ្សាយពាណិជ្ជកម្ម

មិនមែនសម្ដៅលើមនុស្សស្រីឱ្យតែមានប្ដីរងទុក្ខ ជាប់កម្មទេ តែមនុស្សស្រីខ្លះក៏សំណាង តែកុំស្ដីថាឱ្យមនុស្សស្រីដែលគាត់ជួបការបែកបាក់គ្រួសារ កុំសើចចំអកដល់មនុស្សស្រីដែលនាងនៅលីវ មិនយកប្ដី សូមគោរព ឱ្យតម្លៃចំពោះស្ត្រី ហើយក៏គោរព ឱ្យតម្លៃដល់ការសម្រេចចិត្តក្នុងការរស់នៅ និងការសាងជីវិតគូរបស់នាងផង …!!!៕ អត្ថបទ ៖ លីម បញ្ញា

ការផ្សាយពាណិជ្ជកម្ម