ជីវប្រវត្តិសង្ខេបវីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ

ជីវប្រវត្តិសង្ខេបវីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ
ការផ្សាយពាណិជ្ជកម្ម

វីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលតែងបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច។

ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ ហើយលោកតាក៏ត្រូវបានតារាចម្រៀងរ៉េបដ៏ល្បី លោក វណ្ណដា អញ្ជើញចូលរួមចម្រៀងមួយបទរួមគ្នាដែលមានចំណងជើងថា «Time to Rise» និងសម្ដែងក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោ។

ការផ្សាយពាណិជ្ជកម្ម
ជីវប្រវត្តិសង្ខេបវីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ
រូបភាពដំណាង

ក្រឡេកមើលប្រវត្តិរបស់លោកតាព្រឹទ្ធាចារ្យវិញ លោកកើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ កាលពីវ័យទើបតែ ៤ ឆ្នាំលោកតាបានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ ហើយក្រោយមកក្នុងអាយុ ១៣ ឆ្នាំលោកបានចាប់ផ្ដើមការសិក្សាអំពីចាប៉ីដងវែង ពីលោកឪពុកមារបស់លោកមានឈ្មោះ គង់ ទិត ។

លោកតាតែងរងការសើចចំអកពីមិត្តភក្តិជារឿយៗព្រោះតែពិការភាព ប៉ុន្ដែជាជាងត្រូវបានគេមើលងាយដោយការរើសអើង កុមារា គង់ណៃ បានស្វែងរកចំណេះជំនាញប្រាកដមួយជាប់នឹងខ្លួន ដើម្បីទទួលបានជីវិតឯករាជ្យ និងការឱ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលពីរឆ្នាំនៃការចាប់ផ្តើមសិក្សាចាប៉ី គឺគ្រាដែលលោកមាន អាយុ ១៥ ឆ្នាំ លោកតា គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័ស មិនយូរប៉ុន្មានគាត់បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។

449037283_3744778202477176_6256216410622061568_n
រូបភាពដំណាង

នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។ បន្ទាប់មកក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជធានីភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។

ការផ្សាយពាណិជ្ជកម្ម

ចំណែកក្នុងឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។ លើសពីនេះ ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ បន្ថែមពីនេះ ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។ ជាងនេះទៅទៀត នៅឆ្នាំ ២០០៧ លោកបានទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា «កោសល្យវោហារ គង់ណៃ»។

ហើយនៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈនិងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ គួរបញ្ជាក់ដែរថា ហើយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន៕

ការផ្សាយពាណិជ្ជកម្ម
449083937_1001635014739873_9197932286812356278_n
រូបភាពដំណាង

 

449452750_861856042638104_7046523506049533110_n
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម