Kimono គឺជាសម្លៀកបំពាក់ប្រពៃណីជប៉ុន ចម្រុះពណ៌ និងស្រស់ស្អាត។ មិនថា Kimono ចម្រុះពណ៌ ឬសាមញ្ញ រចនាប័ទ្ម Kimono នីមួយៗមានភាពស្រស់ស្អាតដោយឡែក ប៉ុន្តែ Kimono ទាំងអស់មានចំណុចរួមមួយគឺគំនូរក្បាច់ល្អប្រណិត។
នៅពេលដែលអ្នកទិញ Kimono ឬចង់ជូនឲ្យនរណាម្នាក់ តើអ្នកចង់យល់ពីអត្តន័យ ហើយរើសយក Kimono ដែលសមនឹងម្នាក់នោះដែរទេ?
ក្នុងអត្តបទនេះ ខ្ញុំនឹងណែនាំគំនូរក្បាច់ប្រពៃណីលើ Kimono ជួយឲ្យអ្នកយល់ពីអត្តន័យ និងរើសយក Kimono ដែលត្រឹមត្រូវ។
Shochikubai – គំនូរដើមស្រល់ ឫស្សី និងអង្គាសីល
គំនូរក្បាច់ត្រូវបានបំផុសគំនិតដោយដើមឈើបីប្រភេទគឺដើមស្រល់ ឫស្សី និងអង្គាសីល។ ដើមឈើទាំង ៣ ប្រភេទនេះត្រូវបានគូរតំណាងឲ្យអាយុវែង ថ្លៃថ្នូរ និងភាពរឹងមាំ។ ដើមទាំងនេះមានលក្ខណៈលេចធ្លោ ដែលបង្ហាញពីភាពរឹងមាំ និងធន់ក្នុងជីវិត។
ដើមស្រល់ដុះនៅរដូវរងាត្រជាក់ខ្លាំង ដើមឬស្សីលូតលាស់ត្រង់ទៅលើមេឃ និងផ្កាអង្គាសីលរីកស្គុះស្គាយក្រោមអាកាសធាតុត្រជាក់។ លក្ខណៈទាំងនេះបង្ហាញពីបំណងរបស់អ្នកស្លៀកប្រាថ្នាចង់បានអាយុវែង ថ្លៃថ្នូរ និងរឹងមាំ។
Mari – គំនូរបាល់ Mari
បាល់មូលតូចគួរឲ្យស្រលាញ់ជារបស់លេងសំណព្វចិត្តរបស់ក្មេងៗជប៉ុនតាំងពីបុរាណមក។ បាល់ក៏ត្រូវគេចាត់ទុកជានិមិត្តសញ្ញាតំណាងឲ្យភាពរឹងមាំ ជួយឲ្យកុមារយកឈ្នះការលំបាកទាំងអស់ក្នុងជីវិត ហើយសុភមង្គលនឹងបន្តជារៀងរហូត។ ដូច្នេះហើយ វាមានអត្តន័យដូចជាវត្ថុស័ក្តិសិទ្ធិ។
Sakura – គំនូរផ្កាសាគូរ៉ា
សាគូរ៉ាជាប្រភេទផ្កាដែលតំណាងឲ្យជប៉ុន គ្រប់គ្នាស្រលាញ់ចូលចិត្តព្រោះតែភាពស្រស់ស្អាតរបស់វា។ ផ្កាសាគូរ៉ាមិនត្រឹមតែស្អាត ថែមទាំងមានអត្ថន័យជ្រាលជ្រៅជាច្រើនទៀតផងដែរ។ មានទ្រឹស្តីមួយនិយាយថា ប្រភពពាក្យ “sakura” គឺមកពី “kura” (ឃ្លាំង) ជាកន្លែងគង់នៅរបស់អាទិទេពស្រូវ ដូច្នេះផ្កាសាគូរ៉ាជានិមិត្តសញ្ញាតំណាងឲ្យការប្រមូលផលបានល្អ។
ក្រៅពីនេះ នៅជប៉ុនមនុស្សជាច្រើនចាប់ផ្តើមជីវិតថ្មីនាខែមេសា ដូច្នេះផ្កាសាគូរ៉ាក៏មានអត្តន័យថាអបអរសាទរសម្រាប់ការចាប់ផ្តើមថ្មីផងដែរ។
Kikkomonyou – គំនូរស្នូកអណ្តើក
គំនូររូបឆកោណត្រូវបានបំផុសគំនិតដោយស្នូកអណ្តើក។ អណ្តើកជាប្រភេទសត្វដែលមានអាយុវែង នៅជប៉ុនគេនិយាយថា អណ្តើកអាចរស់បានដល់ទៅ ១ ម៉ឺនឆ្នាំ។ ទោះជាយ៉ាងណា តាមការពិតទៅវារស់បាន ១០០ ឆ្នាំប៉ុណ្ណោះ។ គំនូររូបស្នូកអណ្តើកនេះមានអត្តន័យបួងសួងសុំភាពរុងរឿងជារៀងរហូត។
Yabane – គំនូររោមសត្វតម្រៀបជាព្រួញ
Yabane គឺជារោមសត្វដែលគេដាក់ខាងក្រោយព្រួញ ដើម្បីជួយឲ្យព្រួញហោះត្រង់។ រូបរាងត្រង់ និងកម្លាំងរបស់វាជួយបណ្តេញវិញ្ញាណអាក្រក់ផងដែរ។
ក្រៅពីនេះ នៅពេលដែលព្រួញបាញ់ទៅមិនអាចត្រឡប់មកវិញបានទេ។ ដូច្នេះហើយ គំនូររោមសត្វគេទុកជូនស្ត្រីដែលជិតរៀបការ ដោយបំណងជូនពរនាងមានសុភមង្គល និងយូរអង្វែង មានន័យថាមិនលែងលះ។
តើអ្នកមានអារម្មណ៍យ៉ាងណាបន្ទាប់ពីយល់ពីអត្ថន័យនៅពីក្រោយគំនូរក្បាច់នីមួយៗលើ Kimono ?
អាចនិយាយបានថា គំនូរក្បាច់ Kimono ជប៉ុន មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅជាច្រើនទៀតផងដែរ។ គំនូរក្បាច់នីមួយៗមានអត្តន័យដោយឡែក ជាខ្លឹមសារដែលជនជាតិជប៉ុនចង់បង្ហាញ។
នៅពេលដែលទៅលេងជប៉ុន ជួល ឬទិញ Kimono អ្នកអាចរើសយកគំនូរក្បាច់ដែលសមនឹងខ្លួន ដើម្បីជួយបង្កើតទំនាក់ទំនងនឹងសម្លៀកបំពាក់ប្រពៃណីជប៉ុន។
ផ្តល់សិទ្ធផ្សាយ៖ kh.japo.news/Abe Kengo






