ប្រុសៗ បើអ្នកចង់ក្លាយជាបុរសពិត ជាប្ដីល្អ អ្នកត្រូវតែដឹងពីតួនាទី ត្រូវមានទំនួលខុសត្រូវ ជាពិសេសគឺ អ្នកត្រូវតែជាបុរសដែលមានចិត្តគំនិតទាំង ៥ យ៉ាងនេះ ដើម្បីមើលថែគ្រួសារ និងធ្វើជាស្វាមីក្អពិតប្រាកដ។
១. ស្វាមីចិត្តល្អ
– មិនមានចិត្តកំណាញ់ម៉ៅស្វិតចំពោះប្រពន្ធ និងសាច់ញាតិ
– មិនមែនជាអ្នកកាន់លុយទេ តែជាអ្នករកលុយ
– ចេះចែករំលែកស្មើភាគទៅប្រពន្ធ ឬសាច់ញាតិខាងប្រពន្ធដោយមិនមានចិត្តលម្អៀង
– មានចិត្តមេត្តា ករុណា ខន្តី ប្រណី លើកលែង និងផ្តល់ឱកាសដល់ប្រពន្ធជានិច្ចនៅពេលមានកំហុសឆ្គង
– មានចិត្តអាណិតអាសូរ និងចេះជួយយកអាសាប្រពន្ធ និងសាច់ញាតិទាំងសងខាង

២. ស្វាមីចិត្តឆ្នើម
– មានចិត្តក្លាហានហ៊ានគិត ហ៊ានសម្រេចចិត្ត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ចំពោះទង្វើដែលខ្លួនបានធ្វើ
– មានចិត្តអង់អាចប្រឈមុខចំពោះឧបសគ្គ និងបញ្ហាផ្សេងៗដែលបានកើតឡើង
– មានចិត្តជាអ្នកដឹកនាំគេដើម្បប្រយោជន៍រួមមិនមែនតែខ្លួនឯង និងបក្សពួកខ្លួនតែប៉ុណ្ណោះទេ
– មានគោលជំហរច្បាស់លាស់ នឹងធឹង រឹងប៉ឹង មិនងាយផ្លាស់ប្តូរតាមការអូសទាញដោយគ្មានហេតុផល
– មានចិត្តអត់ធ្មត់ ម៉ឹងម៉ាត់ មត់ចត់ចំពោះកិច្ចការ និងឧបសគ្គ
៣. ស្វាមីចិត្តទូលាយ
– មិនមានចិត្តចង្អៀតចង្អល់ មានចិត្តទូលំទូលាយ
– មិនមានចិត្តច្រណែនចំពោះសេចក្តីសុខ ទ្រព្យ និងភរិយាស្អាតរបស់អ្នកដទៃ
– មិនប្រកាន់ទោសចាប់កំហុសចំពោះរឿងកំប៉ិកកំប៉ុក
– មិនមើលបំណាំគ្នា និងអង្គុយបង្អាប់បំបាក់ទឹកចិត្តប្រពន្ធ
– ចេះលើកសរសើរ និងណែនាំប្រពន្ធ

៤ . ស្វាមីចិត្តត្រជាក់
– មានចិត្តធម៌ គុណធម៌ សីលធម៌ សុជីវធម៌
– មិនមែនជាមនុស្សត្រចៀកស ចិត្តស្រាលឆាប់ខឹង និងឆេវឆាវគ្មានហេតុផល
– មានចិត្តត្រជាក់ដូចទឹកបាតសមុត្រ និងសម្ដីផ្អែមពីរោះចំពោះភរិយា
៥. ស្វាមីចិត្តភក្តី
– ស្មោះស្ម័ក្រចំពោះដៃគូ១ទល់នឹង១ មិនអាងថាខ្លួនសង្ហា ឬពូកែមាននារីចាប់អារម្មណ៍ច្រើន
– មិនមានចិត្តសាវាស្រវាអ្នកថ្មីនឿយណាយនឹងភរិយាខ្លួនឯង
– មិនមែនជាមនុស្សល្មោភកាមគិតតែដើរសម្លឹងមើលប្រមាណនារីៗនោះទេ
អត្ថបទ ៖ ក្នុងស្រុក / Knongsrok

