នៅថ្ងៃណាមួយ អ្នកនឹងភ្ញាក់ពីដំណេកដោយគ្មានការឈឺចាប់ និងការតឹងថប់ក្នុងទ្រូងក្នុងបេះដូងទៀតឡើយ….ថ្ងៃណាមួយ អ្នកនឹងបើកភ្នែកដោយគ្មានដានទឹកភ្នែក ឬស្រក់ទឹកភ្នែកពេញមុខដូចមុនទៀតទេ អ្នកនឹងបើកភ្នែកឡើងជាមួយនឹងស្នាមញញឹមសម្លឹងមើលទៅបង្អួចខាងក្រៅ ស្រូបយកពន្លឺស្រទន់ដ៏កក់ក្តៅនៃកម្តៅថ្ងៃ ហើយពេលនោះហើយអ្នកនឹងលែងគិតពីគេជាមនុស្សដំបូងបំផុតដែលអ្នកនឹកឃើញមុនគេពេលភ្ញាក់ពីដំណេកហើយ។
ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមិនប្រញាប់ឆែកមើលទូរស័ព្ទរង់ចាំសាររបស់គេ មិនឆែកមើល Profile គេ ថាគេ post អ្វីខ្លះ គេ comment លេងជាមួយអ្នកណាខ្លះ តើគេ Like អ្វីខ្លះ តើគេកំពុងតែលេងសើច ឬចែចង់អ្នកណាទៀតឡើយ ហើយប្រសិនជាគេផ្ញើសារមកអ្នក អ្នកក៏លែងពុះកញ្ជ្រោល និងរំភើបនឹងសាររបស់គេទៀតដែរ។

នៅថ្ងៃណាមួយ អ្នកនឹងនៅតែជា Friendlist ជាមួយគេ ហើយក៏មិន Block គេទៀតដែរ ព្រោះការ Block គេ ស្មើនឹងអ្នកនៅឈឺចាប់ អ្នកនៅគិតពីគេ នៅខ្វល់ពីគេ និងនៅស្រលាញ់គេទើបអ្នកទ្រាំឃើញសកម្មភាពរបស់គេមិនបាន។ ដូច្នេះការរក្សាគេជាមិត្តក្នុងបញ្ជីឈ្មោះហ្វេសប៊ុករបស់អ្នក បានន័យថាគេមិនបានក្លាយជារឿងរំខានចិត្តរបស់អ្នកទៀតទេ ហើយការឃើញឈ្មោះគេលើ Newsfeed របស់អ្នក វាប្រៀបបីដូចជាឈ្មោះមនុស្សធម្មតាទូទៅដែលអ្នកតែងតែឃើញដូចគ្នា។
ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើង ដោយលែងទាមទារ មិនឱ្យគេចាកចេញពីអ្នក បោះបង់អ្នកចោល ហើយអ្នកក៏លែងខ្វល់ថាគេនឹងមិនចែករំលែករឿងរ៉ាវគេជាមួយអ្នក គេឆាតរកអ្នក ឬក៏អ្នកមានអារម្មណ៍ថាកំពុងតែបាត់បង់របស់អ្វីមួយនៅក្នុងជិវិតទៀតដែរ ។ ជីវិតអ្នក ពេលភ្ញាក់ឡើងនឹងពោរពេញតែភាពស្រស់ស្រាយ រីករាយ គ្មានទុក្ខកង្វល់ ហើយអ្នកក៏លែងខ្វល់ថាគេមានវត្តមាន ឬគ្មានវត្តមាននៅក្នុងជីវិតអ្នកទៀតដែរ។

ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមកដោយ គ្មានភាពសោកសៅ និងសោកស្តាយ ដែលបានចំណាយពេលវេលាខ្ជះខ្ជាយកន្លងមកជាមួយមនុស្សមិនសមតម្លៃ ឬស្តាយដែលបានរៀបរាប់ពិរឿងក្នុងចិត្ត និងអាថ៌កំបាំងអ្នកប្រាប់គេ ហើយជាពិសេសអ្នកនឹងមិននឹក ឬស្តាយពេលវេលាល្អៗដែលធ្លាប់បានស្គាល់គេ ជួបគេ និយាយជាមួយគេ ឆាតជាមួយគេ រួមទាំងទំនុកចិត្តដែលធ្លាប់មានចំពោះគេទៀតដែរ ពោលអ្នកនឹងមិនសោកស្តាយហើយបន្ទោសខ្លួនឯងដែលបានលះបង់ពេក ជឿទុកចិត្តពេក និងមានក្តីសង្ឃឹមលើគេពេក។
អ្នកនឹងភ្ញាក់ឡើងមក ដោយទទួលស្គាល់ការពិត ហើយនេះជាក្តីស្រលាញ់ពិតស្មោះត្រង់របស់អ្នកអស់ពីចិត្ត ហើយអ្នកនឹងនៅតែជាមនុស្សស្មោះត្រង់ និងមានចិត្តបរិសុទ្ធបែបនេះដដែលដោយមិនផ្លាស់ប្តូរ បើទោះបីជាអ្នកធ្លាប់ត្រូវបានទទួលរងការឈឺចាប់ខ្លាំងយ៉ាងណាក៏ដោយ អ្នកគឺនៅតែជាអ្នកដដែល។ តែថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយគ្មានអារម្មណ៍សោកសៅ ឬសោកស្តាយចំពោះស្នេហាបែកបាក់កន្លងមក អ្នកនឹងនៅតែត្រៀមទទួលយកស្នេហាថ្មី និងអ្នកថ្មីដែលល្អជាងពេលមុនទៅទៀត។

ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមិនចោទសួរខ្លួនឯងជាច្រើនសំណួរដែលនាំឱ្យអ្នកឈឺចាប់ទៀតទេ អ្នកនឹងមិនសួរខ្លួនឯងថា តើអ្នកខុសអ្វី តើអ្នកមានកំហុសឬ តើអ្នកមិនល្អគ្រប់គ្រាន់មែនទេ តើអ្នកអាចស្វែងរកមនុស្សល្អសម្រាប់ខ្លួនឯងបានទេនៅក្នុងមួយជីវិត? ពេលនោះអ្នកនឹងលែងសួរសំណួរបែបនេះទៀតហើយ តែអ្នកនឹងបណ្តោយទៅតាមវាសនា ហើយអ្នកនឹងនៅតែធ្វើជាខ្លួនអ្នកដដែល។ ហើយថ្ងៃណាមួយនោះ អ្នកនឹងភ្ញាក់ឡើងដោយលែងខ្វល់ពីគេ អភ័យទោសគេ ហើយក៏បានបំភ្លេចគេចោលនៅក្នុងជីវិតបានដូចគ្នា។

ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើង ដោយមិនមានកំហឹង ការគុំគួន ការសងសឹក ដែលបណ្តាលមកពីការឈឺចាប់ហួសប្រមាណរបស់អ្នកទៀតហើយ អ្នកនឹងមានអារម្មណ៍ថា ខ្មោច ឬបិសាចដែលយាយីខ្លួនអ្នក បានចញផុតពីជីវិតអ្នកបានហើយ វាលែងក្លាយជាសម្ពាធ ហើយធ្វើឱ្យជីវិតអ្នកធូរស្រាល និងស្រស់ថ្លាជាងមុនទៅទៀត។
ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមានអារម្មណ៍ថា រឿងកន្លងមកវាគ្រាន់តែជារឿងសមញ្ញាធម្មតា ដែលវាតែងតែកើតមានឡើងនៅក្នុងជីវិតមនុស្សម្នាក់ៗ អ្នកអាចមានសិទ្ធឈឺចាប់ អស់កម្លាំងចិត្ត ហត់នឿយ និងចង់សម្រាកមួយរយៈ តែពេលអ្នកចំណាយពេលគិតគូច្បាស់ហើយ អ្នកនៅតែមិនអស់សង្ឃឹម ហើយក្រោកឡើងវិញម្តងទៀតជាមួយនឹងភាពរឹងមាំជាងមុនទៅទៀត។

ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើង ហើយដឹងខ្លួនថា ការពិតទេវត្តា បានរៀបចំគម្រោងការជីវិតសម្រាប់យើងល្អជាងនេះទេតើ! ហើយការដែលគេបានចាកចេញពីអ្នក បានន័យថាគេមិនល្អ មិនស័ក្តសមជាមួយមនុស្សល្អដូចអ្នកឡើយ ទេវត្តាកំពុងតែគូសវាសផ្លូវថ្មី និងផ្តល់មនុស្សល្អពិសេសសម្រាប់អ្នកជាងនេះ ជាមនុស្សដែលស័ក្តសមនឹងទទួលបានក្តីស្រលាញ់ស្មោះត្រង់របស់អ្នក ជាមនុស្សដែលស្រលាញ់អ្នកស្មោះ គិតគូដល់អ្នក មិនទុកអ្នកចោលឱ្យនៅឯការ ពិសេសគឺមិនធ្វើឱ្យអ្នកស្រក់ទឹកភ្នែកទៀតឡើយ។
ហើយ……ទីបំផុត…..ថ្ងៃណាមួយនោះ អ្នកនឹងភ្ញាក់ឡើងមក ដោយលែងខ្វល់ហើយថា អ្នកណាស្អប់អ្នក អ្នកណាមិនខ្វល់ពីអ្នក ហើយអ្នកណាទៅដែលមិនស្រលាញ់អ្នកនោះ គឺអ្នករវល់តែខ្វល់ បារម្ភ និងស្រលាញ់ខ្លួនឯងប៉ុណ្ណោះ៕
អត្ថបទ៖ កវីលាក់ស្នេហ៍
រក្សាសិទ្ធ៖ ក្នុងស្រុក

