មានពេលខ្លះស្នេហាគឺប្រៀបដូចជាទីអាស្រ័យនៃដួងព្រលឹង អ្នកចង់ស្វែងរកមនុស្សត្រូវម្នាក់ដើម្បីផ្ញើរជីវិតនៅលើគេ។ ប្រសិនបើអ្នកសំណាងល្អជ្រើសរើសបានមនុស្សត្រូវនោះ គេនឹងចេះស្រលាញ់អ្នក ហើយដឹកដៃគ្នាបង្កើតសុភមង្គលជាមួយគ្នា ។ប៉ុន្តែបើជ្រើសរើសមនុស្សខុសវិញ គេមើលមិនឃើញការលះបង់ដែលអ្នកបានធ្វើចំពោះគេឡើយ ចុងក្រោយមានតែស្រែកទ្រហោយំថាភ្នែកខ្វក់មើលមនុស្សខុស ។
តាមពិត ពួកយើងសុទ្ធតែមិនបានយល់ច្បាស់អំពីនិយមន័យស្នេហាមួយនេះទេ យើងគ្រាន់តែយល់ថាអោយតែគេស្រលាញ់យើងទៅគ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកបានមើលរំលងពាក្យថា “ស្នេហាពិត” និង “ស្រលាញ់ពិត” ប្រសិនបើគេគ្រាន់តែស្រលាញ់អ្នក តែមិនបានស្រលាញ់ដោយចិត្តពិតនោះទេ ស្នេហាមួយនេះនឹងអន្តរាយដល់ខ្លួនអ្នកជាមិនខាន។
ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសមនុស្សដែលលះបង់ដើម្បីខ្លួននោះ?

១.គេសុខចិត្តលះបង់ដើម្បីអ្នក ព្រោះតែគេស្គាល់ពីភាពល្អរបស់អ្នក
មានពេលជាច្រើន អ្នកមិនត្រូវបានគេមើលសំខាន់ និងខ្វល់ខ្វាយ ហេតុអ្វីទៅ? មិនមែនមកពីអ្នកមិនទាន់ល្អគ្រប់គ្រាន់នោះទេ ប៉ុន្តែគេមិនបានដឹងពីភាពល្អរបស់អ្នក។
ឧទាហរណ៍៖ ពេលអ្នកលេងសើចច្រើន គេបែរជាយល់ថាអ្នកក្មេងខ្ចី។
ពេលអ្នកចង់អោយគេកំដរអ្នកអោយបានច្រើន គេយល់ថាអ្នកមាយាដកខ្ញី។
ពេលអ្នកម្ញ៉ិម្ញ៉ក់ដាក់គេចង់ទារកាដូរពីគេ គេយល់ថាអ្នកគិតតែចង់បានផលប្រយោជន៍។
មនុស្សបែបនេះ មិនត្រឹមតែមិនព្រមចំណាយពេលសម្រាប់អ្នកទេ ក៏មិនព្រមចំណាយប្រាក់សម្រាប់អ្នកដូចគ្នា ផ្ទុយមកវិញបែរជាយល់ថាអ្នកទាមទារច្រើនពេក។
ក្រឡេកមកមើល មនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នក គេយល់ពីភាពល្អរបស់អ្នក ស្រលាញ់ពីភាពល្អរបស់អ្នក មើលសំខាន់និងស្តាយស្រណោះពីភាពល្អរបស់អ្នក។

២. មនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នក ចេះស្តាយស្រណោះស្នេហាដ៏ជ្រាលជ្រៅរបស់អ្នក
មានគេនិយាយថា មនុស្សដែលលះបង់ច្រើនពេក តែងតែមិនទទួលបានការមើលសំខាន់។
មានគូរសង្សារ និងប្តីប្រពន្ធជាច្រើនគូរ បានលះបង់អ្វីៗគ្រប់យ៉ាងតែម្ខាងដោយមិនគិតពីការតបស្នងអ្វីឡើយ ហើយម្ខាងទៀតបែរជាទទួលសោយសុខដោយយល់ថាគឺជារឿងដែលខ្លួនត្រូវទទួលបានទៅវិញ ព្រមទាំងខ្លួនមិនបានធ្វើការឆ្លើយតបណាមួយដើម្បីបញ្ជាក់ពីតម្លៃរបស់ជនដែលបានលះបង់នោះឡើយ រឿងនេះពិតជាធ្វើអោយគេជូរចត់មែនទែន។
ប៉ុន្តែមនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នក ស្តាយស្រណោះពីស្នេហាជ្រាលជ្រៅរបស់អ្នក គេនឹងស្គាល់ពីតម្លៃ និងមើលឃើញអំពីអ្វីដែលអ្នកបានចំណាយទៅលើខ្លួនរបស់គេ មិនថាជាពេលវេលា លុយកាក់ និងស្មារតីនោះឡើយ ហើយគេប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីអ្នកដូចគ្នា។

៣. មនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នក បានទុកអ្នកជាគូរអនាគតទៅហើយ
នៅក្នុងជីវិតរស់នៅ មានមនុស្សមួយចំនួនស្រលាញ់អ្នកតែប៉ុន្មានភាគតែប៉ុណ្ណោះ បែរជាមិនហ៊ានបណ្តាក់ទុនច្រើនពេក ព្រោះបារម្ភថា រាល់ការលះបង់ ចុងក្រោយត្រូវអណ្តែតតាមទឹកទៅបាត់ គ្មានការបេ្តជ្ញាចំពោះថ្ងៃអនាគតឡើយ។
មានតែមនុស្សដែលគេសុខចិត្តលះបង់ដើម្បីអ្នកដោយស្មោះទេ ទើបគេអាចទទួលស្គាល់អ្នកចេញពីចិត្តរបស់គេ គឺត្រូវនៅជាមួយអ្នកអស់មួយជីវិត អោយតែគេមានរបស់អ្វី គេសុខចិត្តផ្តល់អោយអ្នកទាំងអស់ បើគេគ្មានទេ គេខំប្រឹងរកដើម្បីអ្នក។
រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក

