នៅក្នុងស្ថាប័ន អង្គការ និងក្រុមហ៊ុននានា បុគ្គលិកមួយចំនួនមានគេចូលចិត្តច្រើនណាស់ ថ្នាក់ដឹកនាំមានការមើលសំខាន់ និងតំឡើងឋានៈពួកគេ ចំនែកឯបុគ្គលិកមួយចំនួនទៀតវិញតែងធ្វើឲ្យថ្នាក់ដឹកនាំឈឺក្បាល មិនចង់អោយគេបន្តធ្វើការនៅក្នុងស្ថាប័ន ឬរហូតដល់ថ្នាក់បឈ្ឈប់ពួកគេក៏មាន។
តើក្រុមហ៊ុនមិនត្រូវការបុគ្គលិកប្រភេទណាខ្លះ ដូច្នេះសូមអានអត្ថបទខាងក្រោម។

១.បុគ្គលិកដែលចូលចិត្តនិយាយថា “ខ្ញុំមិនច្បាស់ចំពោះការងារនេះទេ”
នៅក្នុងស្ថាប័នមួយ បុគ្គលិកគ្រប់រូបសុទ្ធតែមានការងារដែលជាកាតព្វកិច្ចរបស់ខ្លួន ម្យ៉ាងទៀតត្រូវច្បាស់លាស់ចំពោះតួទាទីរបស់ខ្លួនផងដែរ។ ចំពោះភាពមិនច្បាស់លាស់ចំពោះការងារប្រហែលមកពីមិនបានកត់ចំណាំ ឬមិនធ្លាប់ធ្វើក្នុងវិស័យនោះពីមុន។ មិនថាក្នុងស្ថានភាពណាទេ អោយតែមិនច្បាស់លាស់ពីការងាររបស់ខ្លួន គឺហៅថាគ្មានទំនួសខុសត្រូវហើយ។ ចំពោះ“ភាពមិនច្បាស់លាស់”នេះគឺជារឿងធម្មតាតែងកើតមានឡើង ប៉ុន្តែប្រសិនបើបង្ហាញភាពមិនច្បាស់លាស់ចេញមកឲ្យថ្នាក់ដឹងនាំមើលឃើញជារឿយៗនោះ បញ្ជាក់ថាគេគ្មានចិត្តគោរពចំពោះការងារ និងចង់អភិវឌ្ឍន៍ខ្លួនឡើយ។
២.មនុស្សដែលពោលពាក្យថា “ខ្ញុំមិនចេះទេ” ចំពោះការងារ
មនុស្សបែបនេះមិនខ្វះឡើយ ពេលចាត់ចែងការងារឲ្យគេធ្វើ គឺដឹងតែគេឆ្លើយថា “ខ្ញុំមិនចេះធ្វើ”ទេ។ តាមពិតគឺគេមិនចង់ធ្វើតែប៉ុណ្ណោះទើបគេរកលេសដោះសារ។ ធ្វើការងារគឺត្រូវចាប់ផ្តើមធ្វើពីមិនចេះរហូតដល់ចេះ និងត្រូវឆ្លងកាត់ការហ្វឹកហាត់ ព្រមទាំងការរៀនសូត្រទើបទទួលបានជោគជ័យ គ្មានមនុស្សណាម្នាក់កើតមកចេះគ្រប់យ៉ាងនោះទេ។ បើយកពាក្យមិនចេះនិយាយជាប់មាត់ហើយរុញច្រានការងារចោលរហូតនោះ បញ្ជាក់ថាបុគ្គលិកម្នាក់នេះគ្មានចិត្តតស៊ូ និងចង់រៀនសូត្រក្នុងការងារនេះឡើយ។

៣.ពេលមានបញ្ហាពោលពាក្យថា “កុំបន្តោសខ្ញុំឲ្យសោះ” យកតែរួចខ្លួន
ប្រសិនបើមានរៀបចំការងារអោយគេធ្វើឬអោយគេជួយការងារអ្វីនោះ មិនទាន់ធ្វើចាប់ផ្តើមធ្វើការងារផងគេនិយាយប្រាប់អ្នកមុនថា បើមានបញ្ហាអ្វី កុំបន្តោសខ្ញុំអោយសោះ។ នេះបញ្ជាក់ថាគេចង់រុញច្រានរាល់កំហុសដែលកើតឡើងទាំងចេតនា និងអចេតនា។ មនុស្សបែបនេះមិនអាចប្រឹងប្រែងធ្វើការងារឡើយ ក៏មិនចង់រ៉ាប់រងការងារអ្វីដែរ។ បើគេតែងពោលពាក្យនេះមិនឈប់ នោះយើងមិនចាំបាច់ពឹងមនុស្សបែបនេះមកជួយការងារយើងឡើយ ។
៤.មិនចេះដាក់ខ្លួន
ជាធម្មតានៅក្នុងក្រុមហ៊ុន តែបញ្ជូនបុគ្គលិកចុះបេសកម្ម ឬបញ្ជូនទៅសម្របសម្រួលការងារមួយចំនួននៅផ្នែកផ្សេង ដូច្នេះមានបុគ្គលិកមួយចំនួនយល់ថាខ្លួនអស្ចារ្យ ពូកែ ពេលទៅដល់ផ្នែកផ្សេង ឬទីស្នាក់ការដទៃមិនចេះគោរព ឳនលំទោនដល់ក្រុមការងារឡើយ។បែបនេះធ្វើឲ្យបុគ្គលិកដទៃមានការមិនពេញចិត្ត និងយល់ថាខ្លួនមិនត្រូវទទួលបានគេគោរពទាល់តែសោះ ដូច្នេះធ្វើអោយប្រសិទ្ធភាពការងារមិនសូវទទួលផលបានល្អទេ។មនុស្សដែលគ្មានគេក្នុងភ្នែក មិនចេះដាក់ខ្លួន ក្អេងក្អាងគឺមានតែធ្វើឲ្យខូចប្រយោជន៍ក្រុមហ៊ុនតែប៉ុណ្ណោះ។

៥.មិនចេះពោលពាក្យអរគុណចំពោះអ្នកដទៃ
នៅក្នុងក្រុមហ៊ុន ពេលដែលអ្នកជួយរំលែកការងារអ្នកដទៃ ស្ទើរតែទុកការងារខ្លួនឯងចោលហើយនោះ ប្រសិនជាគេមិនបានពោលពាក្យអរគុណដល់អ្នកនោះ ហើយនៅចាត់ទុកថាជារឿងធម្មតាទៀត ប្រាកដណាស់ មនុស្សម្នាក់នេះមិនចេះដឹងគុណគេឡើយ ទោះជាថ្ងៃក្រោយមានសមត្ថភាពល្អប៉ុណ្ណា ក៏មិនត្រូវបានថ្នាក់ដឹកនាំស្រលាញ់ និងឡើងស្ទួយនោះទេ។

៦.បុគ្គលិកចូលចិត្តអែបអប
នៅក្នុងក្រុមហ៊ុន គេខ្លាចបំផុតមនុស្សដែលចូលចិត្តហត់ទឹកសម្លឹងកាក ព្រោះមនុស្សប្រភេទនេះឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ពូកែអែបអបថ្នាក់លើ មើលស្រាលមនុស្សអន់ជាងខ្លួន បច្ចុប្បន្ននៅតាមក្រុមហ៊ុនគឺគេផ្អែកទៅលើសមត្ថភាពជាក់ស្តែង មិនមែនពាក្យសំដីនោះទេ ហើយបុគ្គលិកបែបនេះក៏មិនងាយទទួលបានការស្ទួយឬមើលសំខាន់ពីថ្នាក់ដឹកនាំដែរ។
រៀបរាងដោយ៖Mythical Bird/ក្នុងស្រុក

