អ្នកជំនាញផ្នែកហុងស៊ុយ ជនជាតិចិន លោក Li Ke Trung បានណែនាំនូវផ្ទះឬគេហដ្ឋាន ៣ ប្រភេទ ដែលអ្នកមិនគួរទិញ បើទោះបីវាមានតម្លៃទាបប៉ុណ្ណាក៏ដោយ ព្រោះវាអាចបង្កផលប៉ះពាល់ដល់យីអ៊ុនរបស់អ្នក និងសមាជិកគ្រួសារ ពេលចូលទៅរស់នៅ៖
១. ផ្ទះមានបង្គន់ចំកណ្តាល

ទីតាំងកណ្តាលនៃផ្ទះ ត្រូវបានគេយកជាចំណុចប្រសព្វដ៏សំខាន់មួយ ហើយមិនចេះតែដាក់របស់ណាបានតាមចិត្តឡើយ។ ចំណុចនេះវាមានឥទ្ធិពលល្អ ឬអាក្រក់អាស្រ័យទៅលើម្ចាស់ផ្ទះជាអ្នកកំណត់នោះឯង។
តាមក្បួនហុងស៊ុយ លោកគ្រូណែនាំថា គ្រួសារទាំងឡាយ គួរតែរៀបដាក់អាសនៈ តុ កៅអី អាស្រ័យលើការរចនាចង់បានរបស់ម្ចាស់ផ្ទះ នៅផ្នែកចំកណ្តាលផ្ទះ តែហាមផ្តាច់ កុំដាក់បង្គន់នៅទីតាំងនោះឲ្យសោះ។ វាសាយភាយថាមពលអាក្រក់ជ្រាបពេញផ្ទះ ហើយបើនិយាយពីផ្នែកវិទ្យាសាស្ត្រ ក៏អាចងាយបង្កបាក់តេរីប៉ះពាល់ដល់សមាជិកគ្រួសារផងដែរ៕
២. ផ្ទះរាងត្រីកោណ

តាមក្បួន ផ្ទះដែលមានរាងការ៉េ ឬចតុកោណកែងតែងតែជាផ្ទះ លើកយីអ៊ុន ផ្ទុយទៅវិញ បើជារាងត្រីកោណ គឺមិនគួរបំពានទិញមករស់នៅឡើយ។
ផ្ទះដែលមានជ្រុងស្រួចៗរាងត្រីកោណ តំណាងឲ្យព្រួញ បង្កជាគ្រោះមហន្តរាយដ៏ធំដល់ម្ចាស់ផ្ទះ បើកភ្នែកឃើញតែគ្រោះ មិនឃើញលាភ នាំឲ្យម្ចាស់ផ្ទះឆាប់អារម្មណ៍ខឹងសម្បា ច្របូកច្របល់ផ្លូវចិត្ត ពិបាកក្នុងការរស់នៅខ្លាំងណាស់។
៣. ផ្ទះរាងកាំភ្លើង

តម្លៃដីកាន់តែថ្លៃ ដូច្នេះអ្នកសាងសង់ផ្ទះលក់ ពេលខ្លះព្យាយាមរចនាម៉ូតផ្ទះ ទៅតាមទំហំដីតូច ភ្លេចគិតពីរចនាបថនៃរាងផ្ទះ ហើយតាមក្បួនហុងស៊ុយរាងផ្ទះ ជាអក្សរ L មើលទៅដូចកាំភ្លើងខ្លី គេមិនឲ្យទិញមករស់នៅនោះទេ។
នេះជាការបំពានហុងស៊ុយ ជាការដែលអាចទាញទ្រព្យម្ចាស់ផ្ទះឲ្យបាត់បង់ ហើយសុខភាពសមាជិកគ្រួសាររស់នៅក្នុងផ្ទះនោះ ក៏មិនល្អនោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

