ខ្ញុំតែងតែទៅកន្លែងកាត់សក់មួយកន្លែង តែហាងកាត់សក់នោះរាងឆ្ងាយបន្តិច ហេតុតែខ្ញុំសុខចិត្តដើរទៅកាត់សក់កន្លែងដ៏ឆ្ងាយបែបនេះ គឺដោយសារតែហាងកាត់សក់នោះមានមេជាងមានថ្វីដៃម្នាក់ មានតែគាត់ទេទើបអាចកាត់សមនិងទម្រង់មុខរបស់ខ្ញុំ ព្រោះសក់ខ្ញុំតិចពិបាកកាត់ឲ្យត្រូវនិងមុខខ្ញុំ។ មូលហេតុដែលខ្ញុំស្គាល់ហាងមួយនេះដោយសារតែមិត្តខ្ញុំជាអ្នកនែនាំ ហាងមួយកន្លែងនេះគឺមិត្តភ័ក្រ្តគាត់ណែនាំតៗគ្នា។
រាល់ដងពេលដែលខ្ញុំទៅដល់ហាង ភ្ញៀវច្រើនកកកុញស្ទើរតែគ្មានរំលងថ្ងៃណាឡើយ នេះអាចបង្ហាញឲ្យឃើញថាស្នាដៃមេជាងម្នាក់នេះគឺធ្វើឲ្យអតិថិជនមានការជឿទុកចិត្តយ៉ាងខ្លាំង។
ក្រោយពីបានទៅកាត់សក់អស់ប៉ុន្មានដងហើយ ខ្ញុំក៏បានស្គាល់គ្នាជាមួយថៅកែហាងដែលជាមេជាងម្នាក់នោះ មានម្តងដោយសារមានភ្ញៀវរាងតិច ខ្ញុំក៏បានជជែកលេងជាមួយគាត់បន្តិចទៅ។

គាត់បានប្រាប់ខ្ញុំថា គាត់រៀនមិនចប់ថ្នាក់ទី១២ផង ពេលនោះគាត់ត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតមកធ្វើការនៅទីក្រុង បានចូលមកធ្វើការនៅក្នុងហាងកាត់សក់មួយកន្លែង ប៉ុន្តែគាត់មិនសូវមានចាប់អារម្មណ៍ចំពោះការកាត់សក់នេះឡើយ ប៉ុន្តែព្រោះតែមិនដឹងធ្វើអ្វីមានតែបន្តធ្វើការងារនេះអស់ប៉ុន្មានឆ្នាំ។ ដោយសារតែខ្លួនក៏មានអាយុជាង២០ឆ្នាំដែរ ត្រូវមានបន្ទុកគ្រួសារ ដូច្នេះគាត់មានតែតាំងឆន្ទះនិងដាក់គោលដៅ ញ៉ាំងឲ្យខ្លួនក្លាយទៅជាជាងកាត់សក់ដ៏ចំណានម្នាក់ក្នុងវិស័យម៉ូតសក់នេះ ពេលនោះគាត់បានផ្លាស់ប្តូរឥរិយាបថ និងទស្សនៈគាត់ភ្លាមចំពោះអាជីពកាត់សក់មួយនេះ ក្រៅពីការរៀនម៉ូតសក់ហើយ គាត់បានប្រមូលឯកសារពាក់ព័ន្ធនិងម៉ូតសក់ជាច្រើន សូម្បីតែអ្នកដែលដើរតាមផ្លូវគាត់បានវិភាគយ៉ាងល្អិតល្អន់អំពីម៉ូតសក់របស់គេ ស្ទើរតែមិនឲ្យរំលងម៉ូតសក់មួយណាឡើយ។មិនដល់មួយឆ្នាំផង គាត់បានក្លាយទៅជាជំនួយការមេជាង ហើយបានក្លាយទៅជាជាងកាត់សក់ដ៏មានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ភ្ញៀវគ្រប់រូបឲ្យតែចូលមកដល់ក្នុងហាងដឹងតែចង់ឲ្យគាត់ កាត់ ផ្លុំ កក់កៀបឲ្យ។ ក្រោយមកគាត់ក៏បានខ្ចីប្រាក់ពីមិត្តល្អរបស់គាត់ម្នាក់ មកបើកហាងកាត់សក់មួយកន្លែង។

ដំណើរជីវិតរបស់គាត់ធម្មតាសាមញ្ញា ប៉ុន្តែខ្ញុំស្តាប់ហើយបែរជាមានអារម្មណ៍រំភើប និងកោតសរសើរចំពោះរូបគាត់ គាត់ពិតជាបានបង្កើតគំរូមួយដ៏ល្អសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម។
ព្រោះតែមេជាងបានកំណត់គោលដៅរបស់ខ្លួនច្បាស់លាស់នៅក្នុងវិស័យការងាររបស់ខ្លួនទើបមិនបានធ្វើឲ្យគាត់ចំណាយពេលវេលាខ្ជះខ្ជាយទៅក្នុងដំណើរជីវិតរបស់ខ្លួនគាត់។
មនុស្សភាគច្រើនធ្វើការព្រោះតែចិញ្ចឹមក្រពះ ឬបំពេញក្រពះរបស់ខ្លួន ប្រាកដណាស់ក៏មានមនុស្សដែលមានឧត្តមគតិផងដែរ ប៉ុន្តែមនុស្សបែបនេះមានមិនច្រើនទេ។
យើងត្រូវដឹងថា ដំបូងឡើយមនុស្សគ្រប់គ្នាសុទ្ធតែធ្វើការដើម្បីក្រពះ ក្រោយពីបានស៊ីជម្រៅនៅក្នុងកិច្ចការនោះមួយរយៈទើបញ៉ាំងឲ្យយើងដឹងនិងយល់ពីតម្រូវការរបស់ខ្លួន ហើយបង្កើតទៅជាឧត្តមគតិនិងគោលដៅសម្រាប់ខ្លួនឯង។ ដូច្នេះហើយការធ្វើការព្រោះតែក្រពះវាមិនមែនជារឿងអាម៉ាស់នោះទេ ប៉ុន្តែបើយើងបន្តធ្វើការគ្រាន់តែដើម្បីក្រពះក្នុងរយៈពេលយូរពេកនោះ ទើបពិតជាធ្វើឲ្យពេលវេលាខ្ជះខ្ជាយដោយឥតប្រយោជន៍ ។
ប្រសិនបើអ្នកសង្ឃឹមថាមួយជីវិតនេះអាចសម្រេចសម្មទិ្ធផលអ្វីមួយបាន ដូច្នេះសុំអ្នកកុំស្កប់ស្កល់ត្រឹមតែពាក្យថា “ឲ្យតែគ្រប់ចាយឲ្យសោះ គួរតែតាំងឆន្ទៈនិងគោលដៅអ្វីមួយសម្រាប់ខ្លួនឯងដើម្បីឆ្ពោះទៅរកអនាគតរបស់ខ្លួន ។

ខ្ញុំមិនហ៊ាននិយាយមនុស្សគ្មានឆន្ទៈគាត់អាចក្លាយទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំហ៊ាននិយាយថាអ្នកដែលមានឆន្ទៈគឺជាមនុស្សដែលអាចសម្រេចរឿងដ៏អស្ចារ្យនៅក្នុងជីវិតពួកគេបាន ។ ម្យ៉ាងទៀតខ្ញុំក៏ហ៊ានប្រាកដថា មនុស្សដែលមានឆន្ទៈ និងការប្រឹងប្រែងទៅទាមទារ ការរស់នៅរបស់ពួកគេមានលក្ខណៈខ្ពស់ជាងមនុស្សដែលគ្រាន់តែរស់នៅគ្រាន់តែបំពេញក្រពះនិងចំណង់របស់ខ្លួន ហើយឳកាសពួកគេក៏មានច្រើនជាងមនុស្សទាំងនោះដែរ។ ដោយសារមនុស្សមានឆន្ទៈនិងការប្រឹងប្រែង ពួកគេតែងតែទៅក្រេបជញ្ជក់ចំណេះដឹងថ្មី និងបំពេញបន្ថែម ទាមទារភាពរីកចំរើន ដូច្នេះពួកគេឆាប់ទទួលបានទង់ជ័យនៃភាពជោគជ័យមុនមនុស្សធម្មតា។
អ្វីដែលខ្ញុំនិយាយមិនមែនជាការបំផ្លើសឡើយ ប៉ុន្តែជីវិតរស់របស់យើងវាបានស្តែងបង្ហាញតថភាពជាក់ស្តែង បើអ្នកមិនជឿទេ អ្នកអាចទៅជជែកជាមួយជនដែលទទួលបានសម្មិទ្ធផលអ្វីមួយ ហើយស្តាប់ និងមើលអំពីដំណើរជីវិតដែលពួកគេបានឆ្លងកាត់ ប្រហែលស្ថានភាពរបស់ពួកគេមិនដូចគ្នា ជួបរឿងខុសៗគ្នា ប៉ុន្តែអ្វីដែលពួកគេមានចំណុចដូចគ្នាគឺពួកគេមិនដែលបឈ្ឈប់ការដេញតាមក្តីស្រម៉ៃនិងគោលដៅដែលខ្លួនគេបានកំណត់នោះឡើយ។
តើមនុស្សមាន១០ឆ្នាំប៉ុន្មានដងទៀត ប៉ុន្តែវ័យដែលពោលពេញទាំងប្រាជ្ញា ស្មារតី កំលាំង បទពិសោធន៍គឺវ័យចម្លោះពី ៣០ ទៅ៤០ឆ្នាំ។
សូមពិចារណាចំពោះជាងកាត់សក់នោះបន្តិចទៅមើល គាត់ទើបតែអាយុ៣០ជាងឆ្នាំទេ ចុះអ្នកវិញ?
រៀបរៀងដោយ៖ MCB

