៩ របៀបធ្វើចិត្ត ពេលជីវិតមានទុក្ខ
១. មានជីវិត តែងមានទុក្ខ។ ជួបបញ្ហាបែបនេះជារឿងធម្មតា។ មិនមែនតែយើងទេ គេគ្រប់គ្នាក៏ដូច្នេះដែរ។
២. ពេលមានទុក្ខ មានបញ្ហា សូមដោះស្រាយទៅ។ កុំនៅតែគិតរហូត រហូតគំនិតស្ទះ ធ្វើអ្វីមិនចេញ។ បើបញ្ហាច្របូកច្របល់ពេក ក៏ដាក់ចុះមួយភ្លែត ឬដើររំលងទៅសិន។ មានរឿងខ្លះ ពេលវេលាជាអ្នកដោះស្រាយ។
៣. បើអត់សប្បាយចិត្ត សូមទៅដើរលេង រំសាយអារម្មណ៍ លំហែខួរក្បាល។ កុំឱ្យចិត្តងងឹតព្រោះបញ្ហាច្រើនពេក។ ខំធ្វើការ ប៉ុន្តែក៏ត្រូវចេះឱ្យខ្លួនឯងមានពេលសម្រាក។
៤. បើឃ្លានអ្វី ចង់ញ៉ាំអ្វី សូមជូនខ្លួនឯងទៅញ៉ាំទៅ។ កុំចាំអ្នកណាជូន។ ចាត់ទុកថាជាការផ្ដល់រង្វាន់ដល់ខ្លួនឯង ដែលខិតខំលំបាកមកហើយ។ បើរបស់ញ៉ាំតូចមួយក៏មិនហ៊ានឱ្យខ្លួនឯង នោះមិនសមនឹងជីវិតយើងទេ។
៥. បើខឹងអ្នកណា ស្អប់អ្នកណា សូមដើរឱ្យឆ្ងាយពីគេ។ កុំនៅមួម៉ៅ សៅហ្មង នឹកគេរហូត។ បើនៅតែខ្វល់គេ ថ្ងៃណាទើបខ្លួនឯងមានក្តីសុខ?
៦. បើស្រឡាញ់ ចូលចិត្ត ឬនឹកអ្នកណា សូមប្រាប់គេទៅ។ ទៅរកគេ ទាក់ទងគេ។ កុំនៅកើតទុក្ខតែម្នាក់ឯង។ គេទទួលបាន ឬមិនបាន ជារឿងគេ។ សំខាន់យើងបានធ្វើតាមចិត្ត និងបេះដូងរួចហើយ។
៧. ខិតខំធ្វើការ រកលុយ សន្សំលុយ ធ្វើបុណ្យ ដើរលេង និងចំណាយពេលជាមួយគ្រួសារ និងមនុស្សស្រឡាញ់។ កុំយកពេលទៅគិតសម្ដីអ្នកដទៃ។ វាគ្មានប្រយោជន៍ទេ។
ភាគច្រើនខ្វះក្តីសុខ ព្រោះរវល់គិតពាក្យគេ រវល់ចង់ដឹងរឿងគេ។ ដឹងរឿងគេច្រើនពេក ខ្លួនឯងទៅជាកើតទុក្ខ។
៨. មិនគួរអាត្មានិយមពេកទេ។ តែពេលខ្លះ ជាមួយមនុស្សខ្លះ ត្រូវចេះការពារខ្លួន។ បើគេមិនសុទិដ្ឋិនិយមនឹងយើង គេគិតតែខ្លួនគេ នោះយើងក៏កុំលះបង់ខ្លួនឯងពេក។ មនុស្សបង្រៀនមនុស្ស។
៩. កុំកើតទុក្ខ ច្រណែននឹងអ្នកណា។ គេមានបានថ្ងៃនេះ ព្រោះគេខិតខំមកយ៉ាងលំបាក។ យើងក៏ប្រឹងដែរ ឬប្រឹងឱ្យលើស។ នោះជាការរីកចម្រើនសម្រាប់អនាគតខ្លួនឯង។
ចុងក្រោយ បើអ្នកមានទុក្ខ ជួបបញ្ហា សូមប្រាប់ខ្លួនឯងថា៖
ជីវិតមនុស្សគឺបែបនេះ។ បញ្ហានេះមិននៅយូរទេ។ យើងមិននៅវេទនារហូតឡើយ។

