ក្រពះពោះវៀនមានសុខភាពល្អ ឬ អត់អាស្រ័យលើបាក់តេរីក្នុងពោះវៀន ហើយបាក់តេរីល្អច្រើននឹងជួយឱ្យពោះវៀនមានសុខភាពល្អ។ តើបាក់តេរីល្អក្នុងពោះវៀនជួយដល់ប្រព័ន្ធរំលាយអាហារ សុខភាពទូទៅ និងការអភិវឌ្ឍខួរក្បាលរបស់កូនដោយរបៀបណា? តើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនរបស់កូន? ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីគន្លឹះ ៤យ៉ាង ដើម្បីថែរក្សាក្រពះពោះវៀនរបស់កុមារ!

១.គន្លឹះក្នុងការថែរក្សាសុខភាពក្រពះពោះវៀនរបស់កូនអ្នក
ឪពុកម្តាយអាចថែរក្សាសុខភាពក្រពះពោះវៀនរបស់កុមារដោយផ្តល់អាហារដែលសម្បូរទៅដោយបាក់តេរីល្អ (ប្រូបាយអូទិក) ដូចជាទឹកដោះគោជូរ គីមឈី ឬ ផ្លែបឺរជាដើម។ ដែលអាហារទាំងនេះអាចបង្កើន និងរក្សាតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបានល្អ។

២.ទទួលទានសារធាតុ Fiber
Fiber គឺជាជាតិសរសៃពីអាហារដូចជា សណ្តែក បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាដើម ដែលវាជួយឱ្យបាក់តេរីល្អក្នុងក្រពះពោះវៀនលូតលាស់បានល្អ។ ដូច្នេះ ឪពុកម្តាយគួរតែលើកទឹកចិត្តកូនឱ្យញ៉ាំអាហារសម្បូរជាតិសរសៃឱ្យបានច្រើន។

៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់
ការផឹកទឹកឱ្យបានគ្រប់គ្រាន់ជួយឱ្យពោះវៀនដំណើរការបានត្រឹមត្រូវ មិនទល់លាមក កម្ចាត់កាកសំណល់ និងបញ្ចេញជាតិពុលអាក្រក់ចេញពីក្រពះពោះវៀន។

៤.ជៀសវាងការផ្តល់ថ្នាំដល់កូនអ្នកដោយគ្មានវេជ្ជបញ្ជា
ថ្នាំអង់ទីប៊ីយោទិច មិនត្រឹមតែសម្លាប់បាក់តេរីអាក្រក់ប៉ុណ្ណោះទេ តែវាថែមទាំងកម្ចាត់បាក់តេរីល្អនៅក្នុងពោះវៀនទៀតផង។ នៅពេលដែលបាក់តេរីល្អនៅក្នុងពោះវៀនថយចុះ ពោះវៀននឹងចុះខ្សោយ និងមិនអាចដំណើរការបានត្រឹមត្រូវ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅ និងការវិវត្តនៃខួរក្បាលរបស់កុមារ៕

ប្រភព ៖ បរទេស

