ជំងឺធ្លាក់ទឹកចិត្តត្រូវបានចាត់ថ្នាក់ថាជាជំងឺផ្លូវចិត្ត ដែលវាអាចត្រូវបានពិពណ៌នាថាជាអារម្មណ៍សោកសៅ ការបាត់បង់ ឬកំហឹងដែលរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ ជាធម្មតា ការធ្លាក់ទឹកចិត្តគឺពាក់ព័ន្ធនឹងការស្អប់ខ្លួនឯង ឬ ការបាត់បង់ទំនុកចិត្តលើខ្លួនឯង។

តាមរយៈការស្រាវជ្រាវ មនុស្សជួបប្រទះការធ្លាក់ទឹកចិត្តតាមរបៀបផ្សេងៗគ្នា ដែលវាអាចរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក ធ្វើឱ្យបាត់បង់ពេលវេលា និងលែងចង់ធ្វើអ្វីទាំងអស់។ វាក៏អាចមានឥទ្ធិពលលើទំនាក់ទំនង និងស្ថានភាពសុខភាពរ៉ាំរ៉ៃមួយចំនួនផងដែរ។
ដោយក្នុងនោះ ស្ថានភាពដែលអាចកាន់តែអាក្រក់ឡើងដោយសារជំងឺធ្លាក់ទឹកចិត្តរួមមានដូចជា៖
+ ជំងឺរលាកសន្លាក់
+ ជំងឺហឺត
+ ជំងឺសរសៃឈាមបេះដូង
+ មហារីក
+ ជំងឺទឹកនោមផ្អែម
+ និងធ្វើអោយធាត់លើសទម្ងន់ជាដើម
អ្នកត្រូវដឹងថា អារម្មណ៍សោកសៅគឺជារឿងធម្មតានៃជីវិត។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍សោកសៅ ឬ អស់សង្ឃឹមជាប្រចាំថ្ងៃ វាបង្ហាញថាអ្នកកំពុងតែប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត។

ជំងឺធ្លាក់ទឹកចិត្តត្រូវបានចាត់ទុកថាជាជំងឺធ្ងន់ធ្ងរមួយ ដែលអាចវិវត្តន៍កាន់តែអាក្រក់ទៅៗដោយគ្មានការព្យាបាលជាក់លាក់ណាមួយនោះឡើយ។ ហើយមិនមែនគ្រប់គ្នាដែលមានជំងឺធ្លាក់ទឹកចិត្តនឹងមានរោគសញ្ញាដូចគ្នានោះទេ។ រោគសញ្ញាអាចមានភាពខុសប្លែកគ្នាទៅតាមស្ថានភាពផ្លូវចិត្ត ឬ តើវាកើតឡើងញឹកញាប់ប៉ុណ្ណា និងមានរយៈពេលយូរប៉ុណ្ណា។

ហើយដើម្បីដឹងឲ្យច្បាស់ថា អ្នកមានជម្ងឺធ្លាក់ទឹកចិត្ត ឬ អត់ អ្នកអាចសង្កេតមើលរោគសញ្ញាទាំង១០ខាងក្រោមនេះ៖
១.មានអារម្មណ៍សោកសៅ ថប់បារម្ភ ធុញថប់ រំខាន ឬ ឆាប់ខឹង
២.មានអារម្មណ៍អស់សង្ឃឹម គ្មានតម្លៃ និងយំច្រើន
៣.បាត់បង់ចំណាប់អារម្មណ៍
៤.ការថយចុះថាមពល ឬ អស់កម្លាំង
៥.ពិបាកក្នុងការផ្តោតអារម្មណ៍ ឬ ធ្វើការសម្រេចចិត្ត
៦.ផ្លាស់ទី ឬ និយាយយឺតជាងមុន
៧.ពិបាកក្នុងការគេង ពិបាកភ្ញាក់ពីព្រលឹម ឬ ងងុយគេងខ្លាំង
៨.ការផ្លាស់ប្តូរចំណង់អាហារ ឬ ទម្ងន់
៩.ការឈឺចាប់រាងកាយរ៉ាំរ៉ៃដោយគ្មានមូលហេតុច្បាស់លាស់ ដូចជាឈឺក្បាល បញ្ហារំលាយអាហារ ឬ រមួលក្រពើ
១០.មានគំនិតគិតខ្លី ប៉ុនប៉ងការធ្វើអត្តឃាត និងធ្វើបាបខ្លួនឯងជាដើម៕

ប្រភព ៖ បរទេស

