មនុស្សស្រីទាំង ៣ ដូចរៀបរាប់ខាងក្រោម ធម្មជាតិរបស់ពួកនាង ច្រើនតែមិនសូវចេះនិយាយផ្អែមល្ហែម ឬសម្តែងដូចនារីដទៃឡើយ ក៏ប៉ុន្តែនាងហាក់ដូចមានលាភសំណាងពីធម្មជាតិ ហើយអាចជួយឲ្យបុរសជាដៃគូនាពេលទៅមុខ ជួបតែរឿងល្អៗក្នុងជីវិត៖
ស្រ្តីកើតឆ្នាំកុរ – ជ្រូក

មាត់រឹង មិនសូវចេះដាក់មនោសញ្ចេតនា តែមនុស្សស្រីកើតឆ្នាំកុរ មិនងាយសាវា វៀចរកអ្នកទីបីដោយងាយៗឡើយ ពោលជាស្រ្តីស្មោះត្រង់នឹងដៃគូ។ មិនត្រឹមតែប៉ុណ្ណោះ នាងមានអត្តចរិតស្លូតបូត តែម្តងម្កាលក៏ពូកែរករឿងឈ្លោះ ហើយពេលខឹង គឺមិនចេះទៅលួងគេមុនដាច់ខាត។
យ៉ាងណាបើប៉ះបុរសជាដៃគូ ជាមនុស្សប្រុសចាស់ទុំ រាងហ្មត់ចត់បន្តិច នោះរស់នៅពេលទៅមុខ នឹងអាចប្រែជាចុះសម្រុង ព្រោះមានការយោគយល់ពីគ្នា យល់អារម្មណ៍គ្នា ហើយក៏វាដូចផ្សំលាភ ផ្សំសំណាង ជួយឲ្យរកស៊ីមានបានតកូនចៅ។
ស្រ្តីកើតឆ្នាំរកា – មាន់

ជាស្រ្តីមានអត្តចរិតគួរឲ្យស្រលាញ់ ពូកែងក់ងរច្រើន ចូលចិត្តឲ្យបុរសជាដៃគូតាមលួង។ ដ្បិតនាងមិនសូវពូកែនិយាយពាក្យល្អៗទៅដៃគូ មិនចេះនិយាយពាក្យផ្អែមល្ហែម ក៏ប៉ុន្តែទំហំចិត្តរបស់នាងគឺធំធេង និងចេះគិតគូរដល់បុរសជាគូជីវិតខ្លាំងណាស់។
នារីម្នាក់នេះ ក៏រមែងទទួលបានការរាប់អាន ពីមនុស្សជុំវិញខ្លួន ជាហេតុនាំឲ្យប្រសព្វក្នុងការបង្កើតទំនាក់ទំនងសង្គមដោយងាយ ដូច្នេះរាល់កិច្ចការងារ ឬប្រកបរបររកស៊ីអ្វី ក៏ងាយនឹងកើតផលចំណេញផងដែរ។ ហើយបើប៉ះបុរសជាដៃគូ ហ្មត់ចត់ ចេះរៀបចំផែនការណ៍ជីវិតច្បាស់លាស់ផង នោះពួកគេនឹងអាចចាប់ដៃគ្នា ក្លាយជាសេដ្ឋីទាំងក្មេងវ័យ។
ស្រ្តីកើតឆ្នាំខាល – ខ្លា

រមែងជាមនុស្សស្រីឆ្នាស ឆាប់ខឹង តែក៏ឆាប់បាត់ទៅវិញដែរ។ ជាបុគ្គលដែលពូកែមើលអារម្មណ៍អ្នកដទៃ តាមតែទឹកមុខ ដោយមិនចាំបាច់ឆ្លងកាត់ការនិយាយអ្វីច្រើនឡើយ។ បុរសណាដែលបានជួបស្រ្តីឆ្នាំខាល មិនយូរមិនឆាប់គង់តែលង់ស្នេហ៍ ព្រោះក្រៅតែពីសម្រស់ នាងហាក់ដូចមានអ្វីម្យ៉ាង អាចអន្ទងចិត្តបុរសទាំងឡាយបានយ៉ាងលឿន។
មនុស្សស្រីកើតឆ្នាំខាល ចេះយកចិត្តទុកដាក់ មើលធុរៈគ្រួសាររបស់នាងបានយ៉ាងកក់ក្តៅ ហើយក្រោយរៀបការរួច រាប់បានជាភរិយាដ៏ល្អម្នាក់ ជាស្រ្តី ដែលបុរសគ្រប់រូបប្រាថ្នាចង់បានជាគូគាប់។ តើអ្នកជាស្រ្តីស្ថិតក្នុងចំណោមឆ្នាំទាំង ៣ ខាងលើដែរឬទេ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

