មួយរយៈនេះ សូម្បីតែស្នាមញញឹមសម្រាប់ខ្លួនឯងក៏គ្មានផង ដោយរៀងរាល់ព្រឹក បើកភ្នែកមកគិតឃើញតែបញ្ហា ឃើញតែសម្ពាធ។ ក្នុងផ្លូវចិត្ត ពោរពេញដោយភាពតានតឹង រកចន្លោះធូរស្បើយមិនឃើញឡើយ។
តាមរយៈអត្ថបទនេះ Knongsrok សូមឲ្យបងប្អូនជ្រើសរើសនូវកាតមួយសន្លឹក ដើម្បីដឹងថា តើអ្នកត្រូវលះបង់អ្វីជាចាំបាច់ ដើម្បីអាចអនុញ្ញាតឲ្យខ្លួនឯងមានស្នាមញញឹម មានភាពសប្បាយរីករាយឡើងវិញ?
១) លះបង់ការភ័យខ្លាច

ការងារខ្លះ ផែនការណ៍ជីវិតខ្លះ អ្នកមិនទាន់នឹងបានចាប់ផ្តើមបន្តិចផង តែបែរជាពោលពាក្យប្រាប់ខ្លួនឯងមុនបាត់ទៅហើយ ថា “ខ្ញុំនឹងមិនអាចធ្វើវាបានទេ”។ ចូរអ្នកលះបង់ការភ័យខ្លាច ការខ្វះឆន្ទៈនោះចោលទៅ។
ជំនួសមកវិញ ចូរយកពាក្យថា “អាចទៅរួច” មកដាក់ខ្លួន លាយឡំនឹងការលើកទឹកចិត្ត ការជឿជាក់លើខ្លួនឯង។ បទពិសោធន៍មនុស្សជោគជ័យជាច្រើន ធ្លាប់និយាយថា គ្រប់យ៉ាងគឺសុទ្ធតែស្រួល តែមនុស្សគ្មានឆន្ទៈមើលឃើញថាលំបាក។ ឆ្លងផុតការលំបាកតែបន្តិច ជោគជ័យនឹងនៅចំពោះមុខ ហើយសាកល្បងមើលត្រលប់មកក្រោយវិញ ឃើញដែរទេ វាមិនលំបាកដូចដែលអ្នកគិតឡើយ។
២) លះបង់មនុស្សដែលសម្តែង

អ្នកនៅក្បែរខ្លួន ជាច្រើន សុទ្ធតែសម្តែង សម្តែងធ្វើជាស្រលាញ់អ្នក សម្តែងធ្វើជាបារម្ភពីអ្នក។ ចំពោះអ្នកខ្លួនឯង ក៏បានមើលឃើញហើយដែរ ដឹងហើយដែរ តែនៅព្យាយាមសម្របតាម ដោយគិតថា បើអត់ពីពួកគេទៅ នឹងមិនមាននរណានៅក្បែរអ្នកតទៅទៀតឡើយ ពេលខ្លះស៊ូល្ងង់ ស៊ូឈឺចាប់ លំបាកតែម្នាក់ឯង ដើម្បីតែចង់បានវត្តមានរបស់ពួកគេបន្តទៅទៀត។
ចូរអ្នកលះបង់ពួកគេទៅ មិនខ្វះទេមនុស្សដែលត្រូវការអ្នកពិតប្រាកដ គ្រាន់ពេលខ្លះ អ្នកសម្លឹងមើលតែមួយជ្រុងតូច អ្នកមើលរំលងមនុស្សល្អ ដែលគេគិតពីអ្នក គ្រាន់ពេលខ្លះគេមិនសូវចេះសម្តីផ្អែម មិនសូវចេះកាយវិការសម្តែងចំពោះមុខអ្នកតែប៉ុណ្ណោះឯង។
៣) លះបង់អម្រែកការងារដ៏ធ្ងន់ធ្ងរ

ការខិតខំខ្លាំង មិនជារឿងខុសឆ្គងទេ ជីវិតចង់ជោគជ័យ គឺត្រូវតែខំ តែបើខំមិនឈប់ ខំរហូតដល់ថ្ងៃដែលងើបមកវិញលែងរួច នោះក៏មិនមែនជារឿងត្រូវដែរ។
វាដល់ពេលហើយដែលអ្នកគួរដកឃ្លាពីសម្ពាធការងារដ៏ធ្ងន់មួយនេះ ដកឃ្លាសាកថ្មឲ្យជីវិតបន្តិច។ ការសម្រាក មិនជាការខាតបង់ទេ ព្រោះជួនខ្លះក៏ជួយឲ្យខួរក្បាលគិតឃើញអ្វីដែលល្អ មើលឃើញអ្វីដែលថ្មី ហើយអាចយកវាមកអភិវឌ្ឍដំណើរអាជីពមួយនេះ ឲ្យកាន់តែល្អបន្ថែម។ ចូរសាកល្បងធ្វើវាទៅ កុំចាំតទៅទៀតអី!!
ប្រភព៖ បរទេស

