បើពឹងលើលុយតែមួយមុខ គឺកម្រជោគជ័យណាស់!

New Copy
ការផ្សាយពាណិជ្ជកម្ម

លុយពិតជាសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប។ អ្នកខ្លះសុខចិត្តឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ ដើម្បីស្វែងរកលុយទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះបីជាមនុស្សគ្រប់រូបត្រូវការលុយក៏ពិតមែន ប៉ុន្តែអ្នកខ្លះមិនធ្វើកិច្ចការណាដែលប្រាសចាកពីតម្លៃជីវិតរបស់ខ្លួនដើម្បីបានលុយនោះឡើយ។

កាលខ្ញុំ និងបុគ្គលិករបស់ខ្ញុំទៅបំពេញបេសកកម្មនៅខេត្តរតនគិរី កាលនោះរថយន្ត២៥កៅអីរបស់ខ្ញុំបាក់ដែកកៅអី។ តៃកុងឡានខ្ញុំ គាត់យក​ឡានទៅជួសជុលនៅយានដ្ឋានមួយកន្លែងដែលស្ថិតក្នុងទីរួមខេត្តរតនគិរី។ ជាងឡានបានបដិសេធមិនទទួលជួសជុល ដោយពួកគាត់ប្រាប់ថាជាប់រវល់ជួសជុលឡានផ្សេង។ បុគ្គលិកខ្ញុំពីរបីនាក់ទៀត បានចូលទៅនិយាយជាមួយជាងឡានទាំងនោះបន្តទៀត តែជាងឡាននៅតែមិនព្រមទទួលជួសជុលដដែល។

ការផ្សាយពាណិជ្ជកម្ម
278976355_526641768832615_5605812428608051193_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឃើញជាងឡានមិនព្រមទទួលជួសជុល ខ្ញុំក៏ដើរចូលទៅក្នុងយានដ្ឋាននោះ ហើយនិយាយទៅកាន់ជាងឡានទាំងនោះថា៖ “សួស្ដីក្មួយ! សុខសប្បាយ​តើហីក្មួយ? យានដ្ឋានក្មួយសម្បូរអតិថិជនមកជួសជុលរថយន្តដល់ហើយហ្ន៎! ពូសូមពឹងក្មួយជួយផ្សារកៅអីឡានពូមួយមក ព្រោះកៅអីឡានពូវាដាច់។”

គ្រាន់តែខ្ញុំនិយាយពាក្យប៉ុន្មានឃ្លានេះភ្លាម ជាងឡានទាំងនោះក៏យល់ព្រមជួសជុលឡានឱ្យខ្ញុំ ហើយពួកគាត់ថែមទាំងប្រញាប់ប្រញាល់ជួសជុលឱ្យទៀតផង។ ខ្ញុំបន្តជជែកលេងជាមួយគាត់ពីនេះពីនោះ និងសួរនាំអំពីរបរជួសជុលរថយន្តរបស់គាត់ផងដែរ។ គាត់ផ្សារកៅអីឡានខ្ញុំបណ្ដើរ ឆ្លើយនឹងសំណួរខ្ញុំបណ្ដើរ។ មិនយូរប៉ុន្មាន គាត់បានផ្សារកៅអីឡានខ្ញុំរួចរាល់។ ខ្ញុំនិយាយអរគុណគាត់ ហើយលាគាត់។ គាត់យកថ្លៃជួសជុលឡានខ្ញុំ ក្នុងតម្លៃសមរម្យបំផុត គឺគាត់អត់ឆ្លៀតឱកាសទារថ្លៃជួសជុលហួសតម្លៃទីផ្សារទេ។

ការផ្សាយពាណិជ្ជកម្ម
278939712_526641682165957_5641700699587934881_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយពេលចេញពីយានដ្ឋាននោះ បុគ្គលិកខ្ញុំនិយាយលេងថា “លោកគ្រូៗទៅនិយាយ ជាងឡានអត់ព្រមជួសជុលឡានឱ្យ។ ទាល់តែលោកប្រធានទៅនិយាយ ទើបជាងឡានព្រមជួសជុល…”។ ខ្ញុំក៏និយាយទៅកាន់ពួកគាត់វិញថា “ពួកក្មួយឯងចូលទៅដល់យានដ្ឋានគេស្រែកថា ផ្សារឡានមួយៗ អ៊ីចឹង គេមិនផ្សារឱ្យទេ។ លើកក្រោយត្រូវចេះប្រើភាសាទន់ភ្លន់បន្តិចទៅ ព្រោះអ្នកខ្លះ គេមិនធ្វើឱ្យយើងទេ ហើយគេក៏មិនចង់បានលុយយើងដែរ បើយើងមិននិយាយភាសាពីរោះពិសាទៅរកគេនោះ”។

សូមចងចាំថា ទោះបីមានឋានៈ តួនាទីខ្ពង់ខ្ពស់ និងមានលុយកាក់ច្រើនយ៉ាងណាក៏ដោយ យើងត្រូវតែចេះប្រើពាក្យសម្ដីសមរម្យទៅកាន់អ្នកដទៃ។ បើនិយាយពាក្យមិនពីរោះពិសា ដោយអាងប្រើលុយជាធំ នោះទំនាក់ទំនងអ្វីក៏ដោយគឺគ្មានប្រសិទ្ធភាពទេ ព្រោះអ្នកខ្លះត្រូវការលុយមែន តែគេមិនទ្រយើងឡើយ។ យើងត្រូវចេះប្រើភាសាការទូត ព្រោះវានាំយើងឆ្ពោះទៅរកជោគជ័យ៕

ការផ្សាយពាណិជ្ជកម្ម

#MenglyJQuach
#MJQUPTeam

ការផ្សាយពាណិជ្ជកម្ម