ជាទូទៅ កញ្ចក់គឺជាវត្ថុដ៏សំខាន់មួយដែលស្ទើរតែគ្រប់ផ្ទះទាំងអស់មានជាប្រចាំ។ ប៉ុន្តែបើតាមហុងស៊ុយ និយាយឲ្យដឹងថា កញ្ចក់មានឥទ្ធិពលខ្លាំងណាស់ទាក់ទងជាមួយលុយកាក់របស់គ្រួសារនីមួយៗ។ ដូច្នេះ ៥ កន្លែងក្នងផ្ទះ ខាងក្រោមនេះ ហាមដាក់កញ្ចក់ដាច់ខាតព្រោះវាអាចធ្វើឲ្យហុងស៊ុយមិនល្អ ងាយខ្ជះខ្ជាយលុយកាក់៖
ដាក់កញ្ចក់ទល់មុខទ្វារធំ៖ កញ្ចក់គឺជាវត្ថុដែលចាំងឆ្លុះ រូបពីរបាន ដូច្នេះប្រសិនបើអ្នកដាក់កញ្ចក់ទល់មុខទ្វារធំ នឹងធ្វើឱ្យខ្យល់អាកាសល្អ លាភសំណាងល្អ ហូរចេញមកក្រៅបានយ៉ាងងាយ។ និយាយចំពោះអ្នកជំនួញវិញ បើនៅតែដាក់កញ្ចក់ក្នុងទីតាំងបែបនេះ ងាយនាំឱ្យខ្ជះខ្ជាយលុយកាក់ណាស់ មិនតែប៉ុណ្ណោះ ក៏មានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង បង្កឲ្យមានជម្លោះឈ្លោះប្រកែកគ្នា រវាងសមាជិកគ្រួសារនីមួយៗផងដែរ។
ដាក់កញ្ចក់នៅក្នុងផ្ទះបាយ៖ តាមហុងស៊ុយ កញ្ចក់ជារបស់ធាតុទឹក ហើយផ្ទះបាយតែងមានភ្លើងឆាបឆេះ ហេតុដូច្នេះ ការដាក់កញ្ចក់ទល់មុខផ្ទះបាយគឺជាបម្រាមហាមដាច់ខាត ព្រោះអាចនាំឲ្យមានរឿងក្នុងគ្រួសាររហូតនឹកស្មានមិនដល់ ធ្វើឲ្យមានការឈ្លោះទាស់ទែងគ្នាបែកបាក់គ្នាទៀតផង។
ដាក់កញ្ចក់ទល់មុខគ្រែ៖ ការដាក់កញ្ចក់ទល់មុខគ្រែ រាល់ពេលដែលអ្នកភ្ញាក់ពីដំណេក អ្នកអាចនឹងមានអារម្មណ៍ភ័យខ្លាចយ៉ាងងាយ ដោយសារការឆ្លុះឃើញរូបរបស់អ្នកចំនួនពីរ។ កញ្ចក់មានតួនាទីឆ្លុះបញ្ចាំង ការដាក់កញ្ចក់ទល់មុខ ឬក្បែរគ្រែនឹងធ្វើឱ្យកញ្ចក់ធ្វើការប្រឆាំងនឹងម្ចាស់ផ្ទះ នឹងនាំឲ្យម្ចាស់ផ្ទះមានសំណាងអាក្រក់។

ដាក់កញ្ចក់ទល់មុខ ឬខាងក្រោយតុ៖ ការដាក់កញ្ចក់នៅទីតាំងនេះនឹងបណ្តាលឱ្យមានការរអាក់រអួល និងការរំខានជាច្រើនដល់ម្ចាស់ផ្ទះ។ ជាពិសេស ប្រសិនបើអ្នកអង្គុយរៀន ឬធ្វើការនៅមុខកញ្ចក់ ងាយនឹងរំខានដោយកាត់បន្ថយសមត្ថភាពក្នុងការផ្តោតអារម្មណ៍។ ម្យ៉ាងទៀត ការដាក់កញ្ចក់នៅខាងក្រោយខ្នង ងាយនឹងបង្កឱ្យមានអារម្មណ៍អសន្តិសុខ និងការថប់បារម្ភ។
ដាក់កញ្ចក់នៅជើងជណ្តើរ ច្រករបៀង៖ ការដាក់កញ្ចក់នៅជើងជណ្តើរតាមហុងស៊ុយ បង្ហាញឲ្យដឹងថា បណ្ដាលឲ្យប៉ះពាល់ដល់តម្លៃខ្លួនឯង ធ្វើឱ្យថាមពលរលត់ ម្ចាស់នឹងមិនមានសុខភាពល្អឡើយ។
ប្រភព៖ បរទេស

