ចាប់ពីឆ្នាំ ២០២២ ដល់ ២០២៤ អ្នកអាចនឹងជួបរឿងរ៉ាវជាច្រើន ខ្លះជាបទពិសោធន៍ធ្លាប់ឆ្លងកាត់ហើយ ខ្លះជារឿងថ្មី ដែលមិនធ្លាប់ប៉ះទាល់តែសោះ។ តាមរយៈអត្ថបទនេះ Knongsrok សុំឲ្យបងប្អូនជ្រើសរើសត្បូងគ្រីស្ទាល់មួយ ដើម្បីទទួលយកសារដ៏សមប្រកបសម្រាប់ជីវិត៖
ត្បូងគ្រីស្ទាល់ទី ១

កុំគិតថា ចាប់ផ្តើមវាតែម្នាក់ឯងអី! អ្នកប្រហែលជាកំពុងមានផែនការណ៍មួយក្នុងជីវិត តែអ្នកយល់ឃើញថា អ្នកអាចធ្វើវាតែម្នាក់ឯងបាន។
ចូរកុំចចេសពេកអី បើកចិត្តឲ្យទូលាយ រៀនបើកបេះដូងទទួលយក គ្មានអ្វីដែលអាចចាប់ផ្តើមតែឯកឯងបានទេ ជាពិសេសគឺគម្រោងការធំណាមួយ អ្នកគួរសាកល្បងទទួលយកដៃគូសហការ បើត្រូវការជំនួយក៏ស្រែក កុំខ្មាសកុំអៀន ព្រោះមិនប្រាកដថា គេមិនចង់ចូលរួមជាមួយអ្នកទេ គ្រាន់ពេលខ្លះ អ្នកបិទផ្លូវជិតពេក។ បើអ្នកបើកបេះដូង ទទួលយកដៃគូ ឬមនុស្សមួយចំនួនមកជួយ ពេលវេលា ២ ឆ្នាំទៅមុខ អ្នកនឹងកាន់តែរីកសាយធំផ្នែកទ្រព្យ។
ត្បូងគ្រីស្ទាល់ទី ២
អ្នកដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក មួយរយៈនេះ អ្នកទាមទារឲ្យគ្រប់យ៉ាងអាចសម្រេចទៅបានត្រឹមរយៈពេលខ្លី។ ត្រូវចាំថា ក្រៅពីការខិតខំអស់ពីខ្លួនហើយ ផលខ្លះក៏ត្រូវការពេលវេលាបន្តិចដែរ។ ចូរសម្រាកបន្តិចទៅ ដ្បិតបើបន្តអត់ធ្មត់ បន្តខិតខំ កំឡុង ២ ឆ្នាំទៅមុខនេះ អ្នកនឹងទទួលបានផ្លែផ្កាធំមកហើយ។
ត្បូងគ្រីស្ទាល់ទី ៣
អ្នកហាក់បង្អត់ខ្លួនឯងពីស្នេហា អ្នកគិតថា ខ្លួនឯងមិនទាន់រៀបចំខ្លួនរួចរាល់ដើម្បីទទួលយកនរណាម្នាក់ ដល់ថ្នាក់ពេលខ្លះ មនុស្សល្អមកក្បែរ អ្នកមើលរំលង ហើយគិតថា មិនទាន់ដល់ពេលវេលានោះទេ។
ពីមុនអាចគិតបែបហ្នឹង តែកំឡុងពេល ២ ឆ្នាំទៅមុខនេះ រៀនបើកចិត្តបន្តិចទៅ មិនថាអ្នកជាបុរសឬនារីទេ វ័យរបស់អ្នក គឺដល់គូគាប់ជីវិតចូលមកដល់ហើយ។ បើប៉ះមនុស្សល្អហើយ ថែរក្សាគេឲ្យបានល្អផង ត្រូវចាំថា ម្នាក់ដែលបម្រុងនឹងចូលមកដល់នេះ មិនងាយនឹងកើតមានជាថ្មីទេ។
ត្បូងគ្រីស្ទាល់ទី ៤

វាមិនយឺតទេក្នុងការចាប់ផ្តើមអ្វីជាថ្មី ដរាបណាក្តីសង្ឃឹម ការជឿជាក់ ឆន្ទៈនៅតែមាននោះ។ មួយរយៈមកនេះ អ្នកហាក់បរាជ័យលើរឿងរ៉ាវជាច្រើន ខ្វះកម្លាំងចិត្ត ខ្វះអ្នកលើកទឹកចិត្ត សឹងតែគិតថា លែងចង់បន្តទៅមុខ។
អស់ពេលក្នុងការគិតបែបហ្នឹងហើយ សំណាងរបស់អ្នកចូលមកដល់ហើយ វាត្រូវការតែការខំប្រឹងរបស់អ្នកបន្ថែមតែប៉ុណ្ណោះឯង។ កំឡុងពេល ២ ឆ្នាំទៅមុខ ចូរស្រលាញ់ខ្លួនឯងឲ្យបានច្រើន លើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន បើដួលត្រូវងើប ត្រូវចាំថា គ្មានបុគ្គលជោគជ័យណា ដែលថាមិនធ្លាប់ដួលនោះទេ ហើយគេខ្លះប្រហែលដួលច្រើនជាងអ្នកពាន់ដង។
ត្បូងគ្រីស្ទាល់ទី ៥
អ្នកហាក់មើលមនុស្សខុសច្រើនណាស់ប៉ុន្មានឆ្នាំចុងក្រោយ ដោយមនុស្សល្អពិត អ្នកមើលរំលង រីឯមនុស្សដែលមកគិតចង់បានប្រយោជន៍ អ្នកបែរជាគិតថា គេល្អ។ ពីរឆ្នាំទៅមុខ អ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការរាប់អាន ឬយកនរណាជាមិត្ត រឿងខ្លះបើលាក់បាន ចូរកុំចែករំលែកអី ព្រោះអាចមានមនុស្សថ្មីច្រើនចូលមកក្រវែលក្នុងជីវិត។
មានមនុស្សមួយចំនួននៅជុំវិញអ្នកពេលសព្វថ្ងៃនេះ គេមិនសាទរនឹងរឿងសប្បាយរបស់អ្នក តែបែរជាច្រណែន ឈ្នានីសទាំងដែលពួកគេមិនបានខិតខំអ្វីសោះ។ អ្នកខ្លះទៀត គេស្ងាត់គេស្ងៀម តែគេជាមនុស្សល្អពិត ដែលរីករាយជំនួសអ្វីដែលអ្នកសម្រេចបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

