តើក្នុងមួយជីវិតរបស់អ្នក អ្នកមានរយៈពេល ១០ ឆ្នាំល្អបំផុតប៉ុន្មានដង? រយៈពេល ១០ឆ្នាំល្អបំផុតនេះអាចជួយឲ្យអនាគតរបស់អ្នកភ្លឺស្វាង ឬអាប់អួ អាស្រ័យថា តើអ្នកបានប្រើប្រាស់វាត្រឹមត្រូវឬអត់?
ខ្ញុំពិតជាចូលចិត្តប្រយោគមួយឃ្លានេះណាស់ វាពិតជាជាក់ស្តែងណាស់ ប្រសិនបើជាមធ្យមយើងមានអាយុប្រហែលជា ៧០ឆ្នាំ
១០ឆ្នាំដំបូង អស់ទៅដោយភាពមិនដឹងក្តី
១០ឆ្នាំលើកទី២ អស់ទៅនៅពេលដែលត្រូវសិក្សារក្រេបយកចំណេះវិជ្ជា
១០ឆ្នាំលើកទី៣ អស់ទៅដោយសារការងារនិងមុខរបរចិញ្ចឹមជីវិតខ្លួន
១០ឆ្នាំលើកទី៤ អស់ជាមួយការកសាងកិត្តិយសនិងការកសាងគ្រួសារ
១០ឆ្នាំលើកទី៥ អស់ជាមួយនិឹងមុខរបរដែលគង់វង់ប្រចាំថ្ងៃ ហើយនឹងថែររក្សាររបស់ដែលខំសន្សំរកមកបាន
១០ឆ្នាំលើកទី៦ អស់ទៅជាមួយនិងការមើលថែរក្សារសុខភាពរាងកាយ និងចិត្តអោយរឹងមាំ
១០ឆ្នាំចុងក្រោយ អស់ទៅជាមួយនឹងការលែងនូវអ្វីៗគ្រប់យ៉ាងដែលធ្លាប់មាន ហើយគិតតែចាំពេលដែលត្រូវត្រឡប់ទៅផ្ទះ
ក្នុងរវាង១០ឆ្នាំ ដែលកន្លងផុតទៅបីដូចត្រឹមតែមួយភ្លេតតែប៉ុណ្ណោះ ធ្មេចបើកៗមួយឆ្នាំបាត់ទៅហើយ គិតៗទៅមានរឿងជាច្រើនយ៉ាងដែលបានធ្វើ ហើយ និងនៅសល់រឿងជាច្រើនដែលមិនទាន់បានធ្វើ
ពេលវេលា ប្រៀបដូចជាលុយដែលនៅក្នុងកណ្តាប់ដៃដែលត្រូវបានយកទៅប្តូរជាមួយនឹងរបស់ផ្សេងៗ
-យើងយកពេលវេលាប្តូរជាមួយនឹងការងារ
-យើងខំធ្វើការដើម្បីប្តូរយកលុយ
-តែយើងក៏មិនអាចយកលុយមកប្តូរយកពេលវេលាមកវិញបានទេ
បើធនាគារពេលវេលាមានពិតមែនក៏ដោយ យើងក៏ប្រហែលជាគ្មានសៀវភៅបញ្ជីរគណនីធានាគារដែលបញ្ជាក់ពីពេលវេលាយើងនៅសល់ប៉ុន្មានអោយបានច្បាស់លាស់ទេយើងអាចដឹងត្រឹមតែថា យើងបានប្រើ ១០ឆ្នាំរបស់យើងអស់ប៉ុន្មានដងទៅហើយ តែយើងមិនអាចដឹងថាយើងអាចនៅប្រើ១០ឆ្នាំដែលសល់ទៀតនោះអោយគ្រប់ដែរឬទេតែវាក៏មិនសំខាន់ស្មើនឹងការដែលយើងបានប្រើ១០ឆ្នាំរបស់យើងអោយសក្តិសមអោយបានពេញលេញនោះដែលនៅពេលដែលមើលត្រឡប់មកក្រោយវិញ ទើបយើងដឹងថាយើងបានប្រើពេលវេលាដោយគ្មានការសោយស្តាយបន្តិចសោះឡើយ ។
តាមពិតទៅមានរយៈពេលមួយសំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ គឺវ័យ ២០ឆ្នាំ ដល់ ៣០ឆ្នាំនេះហើយ។ រយៈពេលនេះជារយៈពេលដែលមនុស្សពីរនាក់រៀនមហាវិទ្យាល័យដូចគ្នា ប៉ុន្តែម្នាក់បានត្រឹមតែមានសញ្ញាប័ត្រ ហើយម្នាក់ទៀតបានក្លាយជាមនុស្សមានឥទ្ធិពល និងសម្រេចភាពជោគជ័យក្នុងសង្គម។ ជាពេលមួយដែលមនុស្សពីរនាក់ មានអាយុដំណាលគ្នា ម្នាក់ក្លាយជាអ្នកមាន ខណៈម្នាក់ ទៀតនៅតែមានជីវភាពត្រដាបត្រដួសរកកោះត្រើយមិនឃើញ។
នៅពេលបច្ចុប្បន្ននេះ មនុស្សម្នាក់ៗរស់នៅក្នុងសង្គមមួយដែលផ្តោតខ្លាំងទៅលើការយកចិត្តទុកដាក់រៀបចំឲ្យក្មេងតូចៗ មានការអប់រំត្រឹមត្រូវ។ ប៉ុន្តែពិភពលោកប្រហែលជាមិនបានយកចិត្តទុកដាក់ឲ្យបានដិតដល់ប៉ុន្មានទេដល់មនុស្សវ័យជំទង់ និងយុវជន ដែលមានអាយុ ២០ឡើង។ វាជាវ័យមួយដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត និងគូសវាសឲ្យបានត្រឹមត្រូវ ហើយក៏ជាវ័យដែលពួកគេអាចធ្វើឲ្យពិភពលោកចាប់ផ្តើមរំកិលខ្លួនឆ្ពោះទៅកន្លែងថ្មីមួយទៀតដែលល្អប្រសើរជាងនេះ៕

