ពេលមានកូនហើយ លោកឪពុកអ្នកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សជាទីស្រលាញ់របស់កូនដោយការព្យាយាមធ្វើខ្លួនជាឪពុកម្តាយដ៏ល្អ តាមថែរក្សា តាមការពារកូន និងតាមចិត្តកូនគ្រប់បែបយ៉ាង។ ប៉ុន្តែពេលខ្លះការតាមចិត្តកូនជ្រុលខ្លាំងពេកក៏អាចបណ្តាលឱ្យកូនក្លាយជាមនុស្សខូចយល់តែចិត្តខ្លួនឯង ឬជាមនុស្សរឹងរូសជាដើម ដោយសារតែការទំរើសខ្លាំងពេកក៏មានដែរ។

ទោះបីជាយ៉ាងណាក្តី ឪពុកម្តាយមិនមានកំហុសនោះទេ គ្រាន់តែឪពុកម្តាយមួយចំនួននៅមិនទាន់ដឹងច្បាស់នៅឡើយថា តើខ្លួនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះដែលជាទីប្រាថ្នារបស់កូនៗ?
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលឪពុកម្តាយគួរមាន ប្រសិនបើចង់ក្លាយជាមនុស្សជាទីស្រលាញ់របស់កូនគ្រប់រូប៖
១) ឪពុកម្ដាយនិយាយស្តីពីរោះ និងទន់ភ្លន់៖ ឪពុកម្ដាយដែលនិយាយស្ដីទន់ភ្លន់ សុភាពរាបសារ មិនគំរោះគំរើយទៅកាន់កូន នឹងធ្វើឱ្យកូនមានអារម្មណ៍ថា ស្រស់ថ្លា មានភាពកក់ក្តៅ ដូចជាប្រើពាក្យបាទ ឬចាសជាមូយកូនជាដើម។

២) ឪពុកម្ដាយតាមចិត្តកូន៖ កូនគ្រប់រូបតែងតែចង់បានឪពុកម្ដាយដែលតាមចិត្តខ្លួនគ្រប់រឿង ប្រសិនបើអ្នកជាឪពុកម្តាយដែលឧស្សាហ៍ព្យាយាមផ្គាប់ចិត្តកូនដោយភាពស្និទ្ធស្នាល ធានាថាកូននឹងនៅជាប់ជាមួយអ្នកគ្រប់ពេលមិនចង់ឃ្លាតឆ្ងាយទៅណាឡើយ។ ក៏ប៉ុន្តែប្រសិនបើអ្នកតាមចិត្តកូនខ្លាំងជ្រុលពេកក៏មិនបានដែរ អាចធ្វើឱ្យកូនខូច ឬយល់តែចិត្តខ្លួនឯងជាដើម។ អ្នកក៏ត្រូវតែដឹងក្របខណ្ឌ ភាពសមរម្យទៅតាមកាលៈទេសៈ។

៣) ឪពុកម្តាយដែលយកចិត្តទុកដាក់ជាមួយកូន៖ តើអ្នកមានបានសង្កេតមើលខ្លួនឯងទេថា រាល់ថ្ងៃពេលត្រលប់មកពីធ្វើការវិញ តើមានពេលវេលាឱ្យកូនៗបានគ្រប់គ្រាន់ដែរឬទេ? ពិតណាស់ថាកូនគ្រប់រូបតែងតែចង់បាននូវការយកចិត្តទុកដាក់ពីអាណាព្យាបាលរបស់ខ្លួនទោះតិច ឬច្រើនក្តី។ ឧទាហរណ៍ងាយៗ ដូចជាពេលត្រលប់មកពីសាលារៀនវិញតើអ្នកមានបានជួយធ្វើកិច្ចការផ្ទះពួកគេ ឬនិយាយលេងជាមួយពួកគេពីនេះពីនោះ ឬសូម្បីតែកូនមានរបួសស្នាមនៅលើរាងកាយតែបន្តិចបន្ទួចក៏អ្នកបានដឹងដែរ។

៤) ឪពុកម្តាយដែលកូនអាចនិយាយជាមួយបានគ្រប់រឿង៖ ឪពុកម្តាយដែលអាចធ្វើឱ្យកូនមានអារម្មណ៍សប្បាយចិត្តនៅក្នុងការប្រឹក្សា ឬនិយាយពីរឿងអ្វីមួយប្រាប់ ពួកគេគឺជាឪពុកម្តាយក្នុងក្តីស្រមៃរបស់កូនគ្រប់រូប ព្រោះមិនថាកូនមានបញ្ហាអ្វី ក៏មានឪពុកម្តាយដែលត្រៀមខ្លួនស្តាប់ និងផ្តល់ដំបូន្មាន ឬធ្វើឱ្យកូនមានអារម្មណ៍ថា ឪពុកម្តាយកំពុងព្យាយាមសម្របខ្លួនដើម្បីយល់ពីស្ថានការណ៍របស់កូនៗ។ ទង្វើរទាំងនេះផ្តល់ឱ្យកូនរបស់អ្នកនូវការលើកទឹកចិត្ត និងការលួងលោមដើម្បីងាយស្រួលក្នុងការនិយាយគ្រប់រឿងទាំងអស់ជាមួយគ្នា។

៥) ឪពុកម្តាយដែលផ្តល់ឱកាសឱ្យកូនបានគិត បានជ្រើសរើស និងបានសម្រេចចិត្តធ្វើដោយខ្លួនឯង៖ មានឪពុកម្តាយជាច្រើនចូលចិត្តគិតថា ខ្លួននឹងជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់កូនៗជាទីស្រលាញ់របស់ខ្លួន ប៉ុន្តែផ្ទុយមកវិញបែរជាភ្លេចគិតថា ទាំងនេះអាចជាអ្វីដែលកូនមិនត្រូវការពិតប្រាកដ។ ក្មេងៗមួយចំនួនធំអាចនឹងមានអារម្មណ៍សប្បាយរីករាយប្រសិនបើមានអ្នកផ្តល់ឱកាសឱ្យពួកគេបានសាកល្បង បានជ្រើសរើស និងសម្រេចចិត្តធ្វើអ្វីមួយដែលពួកគេចង់។

៦) ឪពុកម្តាយដែលចិត្តល្អ មិនងាយស្តីបន្ទោសឱ្យកូន៖ ប្រសិនបើអ្នកជាប្រភេទឪពុកម្តាយដែលមិនដែលស្តីបន្ទោសកូនរបស់អ្នកដោយពាក្យប្រមាថ ឬពាក្យអាក្រក់ផ្សេងៗ ចូរមានទំនុកចិត្តលើខ្លួនឯងថាចុះថា អ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន និងជាទីស្រលាញ់របស់កូនខ្លាំងណាស់។ ក៏ប៉ុន្តែឪពុកម្តាយក៏ត្រូវដឹងប្រមាណដែរថា គួរស្តីបន្ទោស ឬអប់រំកូននៅពេលណាផងដែរ។
៧) ឪពុកម្តាយដែលចេះលើកទឹកចិត្តកូន៖ ពាក្យសរសើររបស់អ្នកបន្តិចបន្ទួចទៅលើកូននឹងធ្វើឱ្យកូនមានអារម្មណ៍ល្អ និងកាន់តែមានទំនុកចិត្តលើខ្លួនឯងទ្វេរឡើង។ ជាពិសេសពេលកូនធ្វើអំពើល្អហើយបានទទួលនូវពាក្យសរសើរ ពួកគេនឹងធ្វើរឿងនេះជាទម្លាប់នៅក្នុងជីវិត។ ដូច្នេះប្រសិនបើអ្នកពោលពាក្យសរសើកូនជារឿយៗនោះនឹងធ្វើឱ្យពួកគេកាន់តែស្រលាញ់អ្នកខ្លាំងឡើងៗមិនចង់ឃ្លាតឆ្ងាយពីអ្នកឡើយ៕


