គេសួរខ្ញុំថា « ខ្លួនជាប្រុស ជាប្ដី ដើរពីក្រោយមនុស្សស្រី អាប់រាសីអស់ហើយ តំណែងក៏ធំ មុខងារក៏មិនធម្មតា ការងារក៏ប្រសើរ ដើរពីក្រោយប្រពន្ធចឹង នាំប្រពន្ធមើលងាយ អ្នកដទៃ គេសើចចំអក »
ឮពាក្យទាំងនេះហើយ ខ្ញុំអស់សំណើចសើច ហើយក៏ហួសចិត្តនឹងមនុស្សដែលគិតបែបហ្នឹង ឬអ្នកគិតថា ជាប្រុស ជាប្ដី ទាល់តែដើរពីមុខប្រពន្ធ អាចដឹកនាំប្រពន្ធបាន ទើបហៅថាអ្នកខ្លាំងឬយ៉ាងណា? ឬអ្នកគិតថា ការដែលស្ដាប់តាមប្រពន្ធ តាមការពារប្រពន្ធពីក្រោយ វាអន់ណាស់ទៅមែនទេ?

សម្រាប់ខ្ញុំ ខ្ញុំមិនខ្វល់ទេថា តំណែងខ្ញុំធំប៉ុនណា ការងារ ការរកស៊ីរបស់ខ្ញុំរកលុយបានច្រើនប៉ុនណានោះឡើយ តែខ្ញុំចំពោះប្រពន្ធ ខ្ញុំជាស្វាមី ជាប្ដីដែលត្រូវតែតាមថែរក្សា ការពារ និងចេះស្ដាប់តាមប្រពន្ធ … ខ្ញុំដើរពីក្រោយគាត់ មិនមែនឱ្យគាត់ដឹកមុខ ដឹកច្រមុះទេ តែខ្ញុំជាអង្គរក្ស ដែលត្រូវការពារគាត់គ្រប់ស្ថានការណ៍ … ខ្ញុំស្ដាប់តាមគាត់ មិនមែនឱ្យគាត់បញ្ជាត្រួតត្រាខ្ញុំទេ តែគ្រប់ម៉ាត់ គ្រប់ពាក្យដែលគាត់និយាយ សុទ្ធតែមានហេតុផល សុទ្ធតែជាពាក្យល្អៗ ហើយក៏ជាគំនិតដែលពិសេស … ប្ដីចេះស្ដាប់ប្រពន្ធ ទើបមានការរីកចម្រើន ប្ដីចេះស្រឡាញ់ ការពារ មើលថែប្រពន្ធ ទើបគ្រួសារកក់ក្ដៅ ប្ដីចេះយកចិត្តទុកដាក់ គោរព ឱ្យតម្លៃប្រពន្ធ ទើបគ្រួសារមានសុភមង្គល … ហើយប្ដីដែលស្រឡាញ់ ស្មោះត្រង់ លើកតម្កើងប្រពន្ធ ទើបគ្រួសារមានការជួបជុំដ៏រីករាយ និងគ្មានថ្ងៃប្រេះឆានោះឡើយ …!

ជាប្ដីប្រពន្ធ គ្មានពាក្យថា អន់ ថោកនោះទេ មានតែពាក្យថា ចាញ់ដើម្បីសុភមង្គល រួបរួមដើម្បីរីកចម្រើន ជួយជ្រោមជ្រែងគ្នា ដើម្បីជីវភាពគ្រួសារ …! មនុស្សដែលមិនហ៊ានដើរពីក្រោយប្រពន្ធព្រោះខ្លាចអន់ មនុស្សដែលមិនស្ដាប់ប្រពន្ធ ព្រោះខ្លាចមិត្តភក្តិ មនុស្សជុំវិញសើចចំអក មនុស្សប្រុសបែបហ្នឹង មិនអាចរីកចម្រើន ហើយជីវិតក៏គ្មានគ្រួសាររីករាយ មានសុភមង្កលដែរ ព្រោះគេទុកមុខមាត់ខ្លួនធំជាងគ្រួសារ ទុកពាក្យសម្ដីអ្នកដទៃ មានតម្លៃជាងប្រពន្ធកូន … ចង់ដឹកនាំ ត្រួតត្រាប្រពន្ធ គង់តែបែកបាក់នៅថ្ងៃណាមួយទេ …!!!
មួយជីវិតមនុស្សស្រី នាងអាចមានសំណាង អាចជោគជ័យទៅបាន ក៏ព្រោះតែមានបង្អែកដ៏រឹងមាំពីបុរសដែលជាដៃគូជីវិតរបស់នាង នាងអាចជោគជ័យ ព្រោះមានដៃគូដែលចេះលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងតាមជ្រោមជ្រែងនាងពីក្រោយ!

នាងអាចមានក្ដីសុខ សុភមង្គលក្នុងជីវិត ក៏ព្រោះតែនាងមានដៃគូដែលមានភាពស្មោះត្រង់ ស្រឡាញ់ មើលថែ ការពារ ជាឪពុកជាបងប្រុស ជាប្អូនប្រុស ជាមិត្តល្អ ហើយក៏ជាដៃគូដ៏ល្អរបស់នាង !
មនុស្សស្រីណាក៏ចង់បានជីវិតជោគជ័យ មានក្ដីសុខ និងមានសំណាងដែរ តែអ្វីដែលសំខាន់ តើមនុស្សដែលនាងបានជ្រើសរើសជាដៃគូជីវិតនោះ មានលទ្ធភាព សមត្ថភាពក្នុងការផ្ដល់ស្នាមញញឹម ក្ដីសង្ឃឹម និងកម្លាំងចិត្ត អាចជួយឱ្យនាងជោគជ័យក្នុងជីវិតបានដែរឬទេ?
បើអ្នកជាបុរសដ៏ល្អពិតប្រាកដ អ្នកច្បាស់ជាមិនធ្វើឱ្យភរិយារបស់អ្នកសោយសោកទឹកភ្នែក ដេកឈឺចាប់ គ្រាំទ្រូងព្រោះតែអ្នកឡើយ ហើយប្រសិនបើអ្នកជាបុរសថ្លៃថ្នូរ និងជោគជ័យមែន អ្នកច្បាស់ជាអាចផ្ដល់នូវសុភមង្គលពេញមួយជីវិតដល់ប្រពន្ធកូន ហើយក៏អាចថែរក្សាគ្រួសាររបស់អ្នក ឱ្យមានតែស្នាមញញឹម និងភាពរីករាយតែប៉ុណ្ណោះ …!!!៕
អត្ថបទ ៖ pHknongsrok / Knongsrok

