ចាំមានគ្រប់យ៉ាង ចាំការ! ពេលខ្លះ ការចាំមួយនេះ វាអាចនឹងហួសពេល …

New Copy
ការផ្សាយពាណិជ្ជកម្ម

ការរៀបការ សាងគ្រួសារ បើត្រឹមតែគិតតាមអារម្មណ៍ដែលចង់ ច្បាស់ណាស់ថា វាជារឿងងាយ គ្មានអ្វីដែលពិបាកឡើយ ប៉ុន្តែ ការពិតទាំងស្រុងដែលនៅពីក្រោយជីវិតមនុស្សពីរនាក់ បន្ទាប់ពីរៀបការរួច វាពិតជាមិនស្រួលទេ ការគ្រប់គ្រងគ្រួសារនីមួយៗ វាមានបញ្ហា ការលំបាក ឧបសគ្គ រីករាយ ទុក្ខសោកជាច្រើននៅឡូកឡំគ្នា។ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តរៀបការ អ្នកច្បាស់ក្នុងចិត្តកម្រិតណា ថាអ្នកអាចថែរក្សា​ ការពារ និងផ្ដល់ក្ដីសុខ​ សុភមង្គលដល់គ្រួសារមួយនេះបាន ដោយមិនបាក់បែក ចែកផ្លូវគ្នានៅថ្ងៃណាមួយ?

មនុស្សយើងក្នុងពេលបច្ចុប្បន្ននេះ ឆាប់រៀបការ ហើយក៏ឆាប់លែងលះគ្នាដែរ ហេតុផលវាមានច្រើន ដែលយើងសុទ្ធតែបានដឹង និងបានឮ ជាពិសេសមនុស្សដែលធ្លាប់ឆ្លងកាត់ការរៀបការ និងការលែងលះ ច្បាស់ជាយល់កាន់តែច្បាស់។

ការផ្សាយពាណិជ្ជកម្ម

– អ្នកខ្លះ រៀបការ ព្រោះតែការស្រឡាញ់មួយឆាវ ឬព្រោះតែការបង្ខំ សំណូមពរពីឪពុកម្ដាយ!
– អ្នកខ្លះ រៀបការ ព្រោះតែមិត្តភក្តិ ឬបងប្អូនស្រករគ្នា គេរៀបការអស់ហើយ!
– អ្នកខ្លះ រៀបការព្រោះតែគិតថាខ្លួនឯងអាយុច្រើន ដោយមិនបានគិតថា ខ្លួនឯងចាស់ទុំគ្រប់គ្រាន់ហើយឬនៅ?
– អ្នកខ្លះ រៀបការ ព្រោះតែហេតុផលបាំងភ្នែកមួយចំ​នួន ធ្វើឱ្យងប់ងល់ មិនគិតពីហេតុផល និងរឿងរ៉ាវជាច្រើននៅពីក្រោយនោះឡើយ!

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវដឹងថា រឿងរៀបការ មិនអាចសម្រេចចិត្តភ្លាមៗ ដោយមិនបានគិត មិនបានត្រៀមអ្វីសោះនោះទេ … កុំរៀបការព្រោះតែអារម្មណ៍មួយពេល កុំរៀបការដោយសម្អាងថា ពិបាកអី ការហើយ នៅមិនសុខ មិនត្រូវចិត្ត លែងបានឱ្យសោះ កេរ្តិ៍ឈ្មោះ មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ គឺសំខាន់ដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ នៅមានហេតុផលមួយទៀត ដែលមនុស្សមួយចំនួន មិនទាន់ចង់រៀបការ ដោយនិយាយថា «​ចាំមានគ្រប់យ៉ាង ចាំការ! ចាំសល់លុយសិន ចាំការ» ពាក្យនេះ ភាគច្រើនមនុស្សប្រុសជាអ្នកនិយាយ ហើយមនុស្សស្រីគឺជាអ្នករង់ចាំ។ អាយុ ឬវ័យសម្រាប់មនុស្សប្រុស​ វាប្រហែលជាមិនពិបាកឡើយ ចង់រៀបការពេលណាក៏បានដែរ ប៉ុន្តែវ័យរបស់មនុស្សស្រី មិនអាចរង់ចាំដៃគួមានគ្រប់យ៉ាង ឬសល់លុយស្ដុុកស្ដម្ភចាំការបាននោះឡើយ។

ដ្បិតអីមនុស្សស្រីខ្លះ គាត់ព្រមរង់ចាំអ្នកក៏ពិតមែន តែមិនមែនមានន័យថា គាត់អាចរង់ចាំអ្នកបានរហូតទេ ៥ឆ្នាំ ១០ឆ្នាំ ឬលើសនេះ សួរថា មនុស្សស្រីណាគេអាចរង់ចាំបានទៅ? មិនមែនដោយសារតែយើងម្នាក់ គ្មានផែនការណ៍ច្បាស់លាស់ ចេះតែបណ្ដែតបណ្ដោយ ហើយឱ្យនាងរង់ចាំ សួរថា អនាគតនាងនឹងទៅជាបែបណា?

ការផ្សាយពាណិជ្ជកម្ម

ទោះបីមានមនុស្សស្រីខ្លះ គាត់ស្ម័គ្រចិត្តរង់ចាំអ្នកបានក៏ពិតមែន ប៉ុន្តែឪពុកម្ដាយរបស់គាត់ មិនអាចឱ្យកូនស្រីគាត់រង់ចាំបានឡើយ។ វាល្អហើយ ដែលអ្នកចង់ឱ្យមានគ្រប់យ៉ាងចាំការ ចាំសល់លុយចាំការ ព្រោះអ្នកស្រឡាញ់ដៃគូ មិនចង់ឃើញមនុស្សស្រីខ្លួនស្រឡាញ់មកលំបាក វេទនា បន្ទាប់ពីរៀបការជាមួយអ្នក … ប៉ុន្តែអ្នកត្រូវដឹងថា មនុស្សស្រី នាងមិនខ្វល់ថាត្រូវលំបាកបែបណាទេ សំខាន់ នាងចង់រួមសុខរួមទុក្ខ តស៊ូ បង្កើតគ្រប់យ៉ាងជាមួយមនុស្សដែលនាងជ្រើសរើស មិនថាមានរឿងអ្វីកើតឡើងទេ ក៏នាងមិនបោះបង់អ្នកចោលដែរ នេះហើយចិត្តមនុស្សស្រីដ៏ល្អម្នាក់។

ការផ្សាយពាណិជ្ជកម្ម

បើសិនជាអាចគិតគូរបាន គួរតែគិតគូររៀបចំបណ្ដើរៗទៅ កុំយកលេសថាមិនទាន់មានអី កុំយកលេសថា គ្មានលុយ ហើយឱ្យមនុស្សស្រីម្នាក់រង់ចាំ ព្រោះអ្នកអាចនឹងបរាជ័យ ហើយបាត់បង់មនុស្សស្រីដ៏ល្អម្នាក់ ដែលស្រឡាញ់អ្នកខ្លាំង ព្រោះតែពាក្យថា «ចាំមានគ្រប់យ៉ាងសិន ចាំការ»៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម