ឆ្នាំថ្មី ឆ្នាំខ្លា ២០២២ កំពុងពាំនាំនូវភាពពេញលេញ សុភមង្គលដល់បងប្អូនទាំងឡាយ តែយ៉ាងណាចំពោះការគោរពនូវការរៀបចំសំណែន បន់ស្រន់ផ្សេងៗ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នា ព្រោះវាអាចនាំឲ្យអាប់លាភ ប្រសិនអនុវត្តខុស។
ខាងក្រោម Knongsrok ណែនាំឲ្យគ្នាយើងបានដឹង នូវផ្លែឈើ ៥ ប្រភេទ ដែលហាមដាច់ខាតយកមកសែនលើអាសនៈ ឬធ្វើជាដង្វាយ សម្រាប់ឆ្នាំ ២០២២ នេះ៖
៥) ផ្លែឈើមានរសជាតិហឹរ ជូរចត់

ផ្លែឈើសម្រាប់ថ្វាយដល់ព្រះ ហាមដាក់របស់ដែលមានជាតិជូរចត់ របស់ដែលមានជាតិហឹរ តាមក្បួនវាតំណាងឲ្យ សំណាងអាក្រក់។ ជារួមមិនត្រូវដាក់លើអាសនៈដូនតា ឬលើថាសសម្រាយដង្វាយនោះទេ។
៤) ផ្លែឈើមានបន្លា

យើងក៏មិនគួរដាក់តាំងផ្លែឈើ ដែលមានបន្លា ដូចជាខ្នុរ ទុរេន… នៅលើថាសដូចគ្នា។ យោងតាមជំនឿ វាអាចនាំឲ្យជីវិតអ្នកជួបការលំបាក ដូចបន្លាដែលគេបាចលើផ្លូវដើរ រមែងជួបបញ្ហាក្នុងជីវិតការងារនិងគ្រួសារ។
៣) ផ្លែឈើទុំ

នៅលើអាសនៈក៏មិនណែនាំឲ្យដាក់ដង្វាយជាផ្លែឈើទុំ ឬផ្លែឈើដែលបម្រុងនឹងទុំនោះដែរ ព្រោះវាងាយរងការខូចខាតទ្រង់ទ្រាយដើមឆាប់រហ័ស ដែលជាសញ្ញាមិនល្អឡើយ។
២) ផ្លែឈើដុះជិតដី

ផ្លែឈើដែលដុះជិតដី ឬកម្ពស់ប្រហែលដី ដូចជាផ្លែម្នាស់ ក៏មិនណែនាំឲ្យដាក់ជាដង្វាយសម្រាប់សែនដែរ ព្រោះវាអាចនាំឲ្យអាប់លាភ។
១) ផ្លែឈើក្លែងក្លាយ

របស់ដែលមនុស្សមិនអាចបរិភោគបាន ដូចជាផ្លែឈើក្លែងក្លាយ ឬផ្លែឈើជ័រ គឺមិនអាចយកមកលេងសើច ដាក់ជាដង្វាយនៅទីអាសនៈបានឡើយ។ តាមអ្នកជំនាញហុងស៊ុយ លើកឡើងថា វាប្រៀបបាននឹងការលេងសើច ជាទង្វើមិនគោរពដល់ជីដូនជីតា ដែលមិនល្អចំពោះហុងស៊ុយរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

