ផ្លូវនៅខាងមុខរវាងយើង វាមិនល្អទេ ដូច្នេះបែកគ្នាពេលនេះ គឺល្អហើយ មិនអីទេ

New Copy
ការផ្សាយពាណិជ្ជកម្ម

ម៉េចបែកគ្នាចឹង? ទាក់ទងគ្នាយូរហើយ នេះមិនមែនតិចឆ្នាំទេណា ស្ដាយពេលវេលា ស្ដាយអនុស្សា ត្រូវគ្នាវិញទៅ រឿងអី ក៏អាចដោះស្រាយបានដែរ ទោះយ៉ាងណា មនុស្សស្គាល់ចិត្តថ្លើមគ្នាច្បាស់ មិនគួរបែកគ្នាចឹងទេ!

នេះជាអ្វី ដែលខ្ញុំបានឮ នៅពេលដែពួកគេដឹងថា យើងទាំងពីរ បែកគ្នាហើយ…! មែនហើយ បើនិយាយចំពោះទំនាក់ទំនងរវាងយើងទាំងពីរនាក់ គឺជាង១០ឆ្នាំហើយ មិនគួរណា ត្រូវមកបែកគ្នាបែបហ្នឹងទេ ខ្ញុំស្ដាយមែន ស្ដាយពេលវេលាដែលយើងដើរមកជាមួយគ្នា ស្ដាយអនុស្សាវរីយ៍ ដែលយើងសាងរួមគ្នា … ប៉ុន្តែ ខ្ញុំគ្មានចិត្ត គ្មានអារម្មណ៍ នឹងស្ដាយអ្នកនោះឡើយ … ព្រោះរយៈពេលជាង១០ឆ្នាំមកនេះ ខ្ញុំបានបំពេញតួនាទី កាតព្វកិច្ចចំពោះមនុស្សដែលខ្ញុំស្រឡាញ់គ្រប់យ៉ាង ទាំងការគោរព ឱ្យតម្លៃ និងជឿជាក់លើអ្នកតែម្នាក់គត់ … ហើយក៏តែងតែការពារអ្នករហូតមកដែរ។

ការផ្សាយពាណិជ្ជកម្ម

ដ្បិតថា ខ្ញុំមិនមែនជាមនុស្សដែលល្អបំផុត ក៏មិនមែនជាមនុស្សដែលល្អលើសគេ តែបើនិយាយចំពោះអ្នក ទាំងទង្វើ កាយវិការ ការនិយាយស្ដីដែលខ្ញុំមានចំពោះអ្នក គឺល្អបំផុត … ខ្ញុំអាចមិនល្អចំពោះអ្នកដទៃ តែអ្វីដែលខ្ញុំច្បាស់ គឺខ្ញុំល្អអស់ពីចិត្ត ហើយក៏ស្មោះត្រង់បំផុតចំពោះអ្នក។

Image_2021 11 08_222719

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងរវាងយើងជាង១០ឆ្នាំមកនេះ អាចនិយាយថា យើងស្គាល់ចិត្តគ្នាពិតមែន យើងស្គាល់គ្នាច្បាស់ តែប្រហែលមកពីយើងស្គាល់គ្នាច្បាស់ពេក ដឹងចរិត ដឹងគំណិត ដឹងចិត្តគ្នាពេក ទើបជាហេតុធ្វើឱ្យយើងយល់ថា ការពិតទៅ យើងទាំងពីរ គឺមិនសមនឹងដើរបន្តជាមួយគ្នាទេ យើងមើលមិនឃើញផ្លូវនៅខាងមុខ ល្អសម្រាប់ពួកយើងឡើយ ហើយវាក៏ប្រហែលជាមកពីអ្នកស្គាល់ខ្ញុំច្បាស់ពេក ដឹងចិត្តខ្ញុំពេក ទើបអ្នកលែងឱ្យតម្លៃខ្ញុំ អ្នកមិនដែលនឹងជឿជាក់លើខ្ញុំសូម្បីតែម្ដង។

រយៈពេលច្រើនឆ្នាំមកនេះ សួរថា ពេលដែលយើងមានបញ្ហា ឈ្លោះទាស់គ្នា វាបណ្ដាលមកពីអ្វី? ភាគច្រើន គឺវាកើតឡើងព្រោះតែអ្នកជឿពាក្យអ្នកដទៃ អ្នកតែងតែព្យាយាមការពារគេ អ្នកមិនដែលជឿជាក់ និងទុកចិត្តលើខ្ញុំឡើយ ទាំងដែលរឿងខ្លះ អ្នកមិនដែលសួរនាំខ្ញុំឱ្យច្បាស់ឡើយ គឺអ្នកជឿពាក្យគេគ្រប់យ៉ាង តែចំពោះខ្ញុំ បើខ្ញុំមិនព្យាយាមបកស្រាយទេ អ្នកក៏មិនស្ដាប់ដែរ មានរឿងខ្លះ អ្នកមិនទាំងស្ដាប់ខ្ញុំផង … ច្រើនលើកច្រើនសារ ដែលអ្នកតែងតែព្យាយាមការពារអ្នកផ្សេង ហើយមកស្រែក គំហក រករឿងឈ្លោះជាមួយខ្ញុំ … គិតសព្វៗទៅ ខ្ញុំគ្មានតម្លៃអ្វីពិតមែនចំពោះអ្នក។

ការផ្សាយពាណិជ្ជកម្ម

Image_2021 11 08_223139

ព្រោះតែបែបហ្នឹងហើយ ទើបខ្ញុំមិនដឹងថា ពួកយើងបន្តធ្វើអ្វី ខ្ញុំហត់នឿយ ខ្ញុំអន់ចិត្ត ហើយខ្ញុំរឹតតែមិនចង់ឱ្យអ្នកមកលំបាក ហត់នឹងការឈ្លោះជាមួយនឹងខ្ញុំ ខ្ញុំមិនចង់ឱ្យអ្នកហត់នឹងមកស្ដីបន្ទោសចំពោះខ្ញុំ ព្រោះតែចង់ការពារអ្នកក្រៅនោះឡើយ … ហើយផ្លូវនៅខាងមុខរវាងយើង វាក៏គ្មានអ្វីដែលល្អដែរ ព្រោះច្រើនឆ្នាំមកនេះ រវាងពួកយើងទាំងពីរ គឺគ្រាន់តែកំដរគ្នាដើរលើផ្លូវដែលរដិបរដុបមួយនេះតែប៉ុណ្ណោះ ផ្លូវដែលយើងដើររួមគ្នា វាមានថ្ម មានគ្រោះច្រើនណាស់ និយាយឱ្យអស់ទៅ ផ្លូវយើងដើរកន្លងមកគឺ ទុក្ខ ច្រើនជាង សុខ ភាពមិនទុកចិត្ត វាមានច្រើនជាងការជឿជាក់ និងការគោរពគ្នា …។

ការផ្សាយពាណិជ្ជកម្ម

មិនថាកន្លងមក ខ្ញុំព្យាយាមថែរក្សាប៉ុនណា ខ្ញុំល្អនឹងអ្នកច្រើនប៉ុនណា ស្មោះត្រង់កម្រិតណា ស្រឡាញ់ លះបង់ និងផ្ដល់ឱ្យអ្នកច្រើនយ៉ាងណាទេ​ ក៏អ្នកនៅតែមើលមិនឃើញពីតម្លៃ និងការលះបង់របស់ខ្ញុំដដែល អាចថា ប្រហែលមកពីខ្ញុំ មិនមែនជាប្រភេទមនុស្សដែលអ្នកចង់បាន ទើបអ្នកមិនដែលមើលឃើញពីតម្លៃរបស់ខ្ញុំបែបហ្នឹង ដូច្នេះមិនអីទេ ពេលវេលាដែលចាយមកជាមួយគ្នា ទុកថា ជាបទពិសោធន៍ ជាមេរៀនទៅចុះ យ៉ាងណាក៏អរគុណ ដែលកំដរខ្ញុំដើររហូតដល់ពេលនេះ សង្ឃឹមថា ថ្ងៃមុខ អ្នកបានជួបមនុស្សដែលអ្នកស្រឡាញ់ ពេញចិត្ត គោរព ឱ្យតម្លៃ ហើយជឿជាក់ ទុកចិត្តលើគេផង កុំធ្វើដាក់គេ ដូចដែលធ្វើដាក់ខ្ញុំ ខ្លាចគេមិនអាចទ្រាំជាមួយអ្នកបានយូរដូចខ្ញុំ ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម