ក្រុមហ៊ុន Pro Ref បានទទួលស្គាល់ថា មាន «កំហុសក្នុងការវិនិច្ឆ័យ» ក្នុងដំណើរការ VAR ដែលបានអនុញ្ញាតឱ្យគ្រាប់បាល់របស់ Erling Haaland ឈរជាគ្រាប់បាល់ស្របច្បាប់ ក្នុងជ័យជម្នះ 1-0 របស់ Manchester City លើ Manchester United។

គ្រាប់បាល់របស់ Haaland នៅនាទីទី 60 ដំបូងត្រូវបានអាជ្ញាកណ្តាលលើទីលានផ្តល់ជាការបាល់ Offside ប៉ុន្តែបន្ទាប់ពី VAR ពិនិត្យឡើងវិញ ការសម្រេចចិត្តត្រូវបានកែប្រែ ដោយបញ្ជាក់ថា Haaland ស្ថិតក្នុងទីតាំង Onside។
ទោះជាយ៉ាងណា Pro Ref បានបញ្ជាក់នៅពេលក្រោយថា VAR គួរតែណែនាំឱ្យអាជ្ញាកណ្តាលទៅពិនិត្យរូបភាពឡើងវិញនៅលើទីលាន (On-Field Review) ដោយសារតែទីតាំងរបស់ Enzo Fernández អំឡុងពេលការវាយប្រហារនោះ អាចមានឥទ្ធិពលលើការលេង។

អ្នកនាំពាក្យ Pro Ref បាននិយាយថា៖
«បន្ទាប់ពីហេតុការណ៍នៅនាទីទី 60 នៃការប្រកួត Premier League កាលពីថ្ងៃអាទិត្យ រវាង Manchester United និង Manchester City នៅ Old Trafford យើងអាចផ្តល់ការបញ្ជាក់ជុំវិញគ្រាប់បាល់ដែលត្រូវបានផ្តល់ឱ្យ Erling Haaland»។
អ្នកនាំពាក្យបានបន្តថា៖
«ការសម្រេចចិត្តនៅលើទីលានគឺផ្តល់ Offside ទៅលើ Erling Haaland។ ករណីនេះត្រូវបាន VAR ពិនិត្យ ហើយបានរកឃើញថា គាត់ស្ថិតនៅក្នុងទីតាំង Onside»។
ប៉ុន្តែ នៅក្នុងការវាយប្រហារដដែលនោះ ការពិនិត្យបានបង្ហាញថា Enzo Fernández មិនបានប៉ះបាល់ ដូច្នេះការសម្រេចថា តើមានកំហុស Offside ឬអត់ គឺអាស្រ័យលើការវិនិច្ឆ័យថា ទីតាំងរបស់គេបានប៉ះពាល់ដល់ការលេងដែរឬទេ។

«ទោះជាយ៉ាងណា ក្នុងករណីនេះ VAR មិនបានទទួលស្គាល់ពីផលប៉ះពាល់ដែលអាចកើតមានពីទីតាំងរបស់គេ ហើយគួរតែបានណែនាំឱ្យមានការពិនិត្យឡើងវិញនៅលើទីលាន»។
Pro Ref ក៏បានបញ្ជាក់ថា ខ្លួនបានទាក់ទងទៅកាន់ Manchester United ដើម្បីទទួលស្គាល់នូវអ្វីដែលខ្លួនចាត់ទុកថា ជា «កំហុសក្នុងការវិនិច្ឆ័យ» ហើយការពិនិត្យលម្អិតលើហេតុការណ៍នេះនឹងត្រូវធ្វើឡើង។

ការទទួលស្គាល់នេះកើតឡើងបន្ទាប់ពីគ្រាប់បាល់របស់ Haaland បានក្លាយជាចំណុចចម្រូងចម្រាសដ៏ធំមួយក្នុង Manchester Derby ខណៈ Manchester City បានយកឈ្នះ Manchester United ក្នុងលទ្ធផល 1-0។
សម្រាប់ Manchester United ការបញ្ជាក់ពី Pro Ref នឹងធ្វើឱ្យការខកចិត្តកាន់តែខ្លាំង ខណៈគ្រាប់បាល់តែមួយគ្រាប់របស់ Haaland បានក្លាយជាភាពខុសគ្នារវាងក្រុមទាំងពីរក្នុងការប្រកួតដ៏សំខាន់នេះ។

