គ្មាននរណាម្នាក់ ចង់បែកបាក់ បាត់បង់ ឬចាកចេញពីមនុស្សដែលខ្លួនស្រឡាញ់នោះឡើយ រឹតតែមិនចង់ឱ្យខ្លួនឯងមានឈ្មោះថា ជាមនុស្សក្បត់ ហើយចាកចេញ បោះបង់មនុស្សដែលខ្លួនឯងស្រឡាញ់។ ប៉ុន្តែពេលខ្លះ ចំណងស្នេហាមួយនេះ គឺគ្មានផ្លូវដែលនឹងអាចទៅមុខបន្ត ក៏រឹតតែមានលទ្ធភាពនឹងថែរក្សាឱ្យបានគង់វង្ស ទើបចុងក្រោយ បានត្រឹមតែចាកចេញ ទាំងឈឺចាប់។
អ្នកដែលនៅ ប្រាកដជាមិនដឹងទេថា អ្នកដែលបានចាកចេញទៅ មានអារម្មណ៍ឈឺចាប់កម្រិតណា ក៏ប្រហែលជាមិនដឹងទេថា មនុស្សម្នាក់ដែលចាកចេញទៅនេះ គឺត្រូវបង្ខំចិត្តចាកចេញ ទាំងនៅសល់ក្ដីស្រឡាញ់ដ៏ច្រើនលើសលប់ តែសុខចិត្តឈឺចាប់ ហើយមានឈ្មោះជាមនុស្សអាក្រក់ ក៏ដើម្បីឱ្យអ្វីៗបានល្អប្រសើរជាពេលនេះ។

ពេលខ្លះ ចាកចេញ ព្រោះដឹងថា បន្តក៏គ្មានផ្លូវល្អសម្រាប់យើងទាំងពីរ!
ពេលខ្លះ ចាកចេញ ដើម្បីទុកឱកាសឱ្យអ្នកបានជួបអ្នកថ្មីដែលល្អជាងនេះ!
ពេលខ្លះ ចាកចេញ ព្រោះមិនចង់នៅធ្វើល្អ មិនចង់ឃើញអ្នកឈឺចាប់ព្រោះតែខ្ញុំជាងនេះ!
ពេលខ្លះ ចាកចេញ ព្រមទទួលមមានឈ្មោះមិនល្អ ព្រោះមិនចង់ឱ្យអ្នកបន្ទោសខ្លួនឯង!
ដឹងច្បាស់ណាស់ថា ស្នេហាមួយនេះ គឺយើងមាននិស្ស័យបានជួបគ្នាត្រឹមប៉ុណ្ណឹង តែមិនមានសំណាងបានគ្នាជាគូតទៅថ្ងៃមុខរហូតនោះឡើយ។
ចុងក្រោយ គង់តែបែកគ្នា ទើបសុខចិត្តបែកពេលនេះ ដើម្បីទុកពេលឱ្យអ្នកបានកាត់ចិត្តបានច្រើន … ! ចុងក្រោយ យើងក៏ដើរដល់ផ្លូវបំបែក ទើបសុខចិត្តបែក ហើយចាកចេញត្រឹមចំណុចនេះ ព្រោះមនចង់ឱ្យអ្នកចំណាយពេលឥតន័យ ដើម្បីស្នេហាដែលគ្មានលទ្ធផលល្អមួយនេះ!

ដឹងទេថា អ្នកដែលចាកចេញម្នាក់នេះ ឈឺចាប់ខ្លាំងប៉ុនណា? ដឹងទេថា ការដែលត្រូវបែកមនុស្សដែលខ្លួនស្រឡាញ់ទាំងមិនបានប្រាប់ហេតុផលឱ្យបានច្បាស់ វាមិនអស់ចិត្តទេ … រឹតតែឈឺចាប់ទ្វេដង ដែលត្រូវបង្ខំចិត្តចាកចេញ បាត់បង់មនុស្សខ្លួនស្រឡាញ់ ព្រោះតែខ្លួនឯង ហើយត្រូវមានឈ្មោះជាមនុស្សក្បត់ មនុស្សចិត្តដាច់ ទាំងដែលការពិត ក្នុងចិត្តឈឺចាប់ស្ទើរតែបែកទ្រូងស្លាប់ហើយ … តែមិនចង់ឱ្យចំណាយពេលច្រើនជាងនេះ យើងបែកគ្នាត្រឹមនេះក៏ល្អដែរ។

ខ្ញុំសុខចិត្តខុស បន្ទោសខ្ញុំចុះ សុំទោស! ដែលទុកអ្នកចោល សុំទោស!ដែលចាកចេញ សុំទោស! ដែលមិនអាចបន្ត មិនអាចកាន់ដៃអ្នកដើររហូតពេញមួយជីវិត … យើងអាចបានធ្វើត្រឹមជាសង្សារ តែគ្មានវាសនាបានក្លាយជាគូជីវិត រួមផ្លូវតែមួយជាមួយគ្នាឡើយ … ស្អប់ខ្ញុំចុះ ហើយឈប់នឹកនាខ្ញុំទៀត … រកអ្នកថ្មីដែលល្អជាងខ្ញុំ សូមឱ្យបានជួបមនុស្សដែលល្អ ស្រឡាញ់គ្នាស្មោះ កុំជួបមនុស្សអាក្រក់ កំសាក ដូចខ្ញុំទៀតអី … ពីមនុស្សអាក្រក់ ដែលចាកចេញពីអ្នក ស្រឡាញ់អ្នករហូតទៅ … អរគុណសម្រាប់ការចូលមកក្នុងជីវិតរបស់ខ្ញុំ សាងការចងចាំល្អៗជាច្រើនដល់ខ្ញុំ អរគុណសម្រាប់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅ ដែលបានផ្ដល់ឱ្យខ្ញុំ … អ្នកជាមនុស្សតែម្នាក់ ដែលខ្ញុំស្រឡាញ់បំផុត ក៏ជាមនុស្សតែម្នាក់ ដែលផ្ដល់ស្នាមញញឹមដ៏មានន័យក្នុងជីវិតនេះ ស្រឡាញ់អ្នក បានជួបអ្នក ជារឿងដែលខ្ញុំគ្មានថ្ងៃនឹងស្ដាយក្រោយនោះឡើយ …៕



អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ
រូបភាពដកស្រង់ពីបទ ៖ ខកខាន / ច្រៀងដោយ ៖ ស៊ូ លី ផេង

