ឧកញ៉ាវេជ្ជបណ្ឌិត គួច ​ម៉េងលី! កុំបោះបង់ការព្យាយាម_ដួលហើយត្រូវតែងើបឈរឡើងវិញ

Web Copy
ការផ្សាយពាណិជ្ជកម្ម

នៅទីនេះ ជាដំបូងខ្ញុំចង់ដឹងថា តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្លាប់ជួបឧបសគ្គ និងមិនធ្លាប់បរាជ័យ?

ឧបសគ្គនិងបរាជ័យ តែងជាស្រមោលអន្ទោលតាមប្រាណរបស់មនុស្សគ្រប់ពេលវេលា។ បើយើងជាមនុស្សអស្ចារ្យ យើងច្បាស់ជាមិនព្រមអនុញ្ញាតឱ្យឧបសគ្គ និងបរាជ័យមានឥទ្ធិពលមកលើផ្លូវចិត្តរបស់យើងបាននោះឡើយ។ ពោល “មនុស្សអស្ចារ្យគឺជាអ្នកដែលដួលហើយងើបឡើងវិញ និងខ្លាំងជាងមុនទ្វេដង”។

ការផ្សាយពាណិជ្ជកម្ម

ការពិតណាស់! មនុស្សអស្ចារ្យ ជាមនុស្សដែលមានសេចក្ដីព្យាយាម ទទូច មិនរាថយ មិនបាក់ស្បាត មានភាពម៉ឺងម៉ាត់ មោះមុត និងមិនលុះក្រោមអំណាចនៃសេចក្ដីតក់ស្លុត ពិសេសនៅពេលដួលចេះក្រោកឈរ ហើយរឹងមាំទ្វេដង។ បានន័យថា នៅពេលជួបឧបសគ្គឬបរាជ័យលើកិច្ចអ្វីមួយ ពួកគេតែងតែក្រោកឈរឡើងម្ដងហើយម្ដងទៀតដោយមិនបោះបង់ ហើយថែមទាំងពង្រឹងខ្លួនរឹងមាំជាងមុនទ្វេដង ទាំងផ្លូវចិត្ត ផ្លូវបញ្ញា និង​បទពិសោធ ដោយមិនផ្ដេកផ្តួលតាមយថាកម្មនោះឡើយ។

131478413_3929486720430091_2295041510081712112_o

ការផ្សាយពាណិជ្ជកម្ម

កាលណាសង្រួមផ្លូវចិត្តបានរឹងមាំហើយ បូកផ្សំមានបញ្ញាខ្ពស់ និងបទពិសោធច្រើន នោះកិច្ចការដែលធ្វើប្រាកដជាទទួលបានជោគជ័យជាក់ជាមិនខាន។ ដើម្បីឱ្យងាយយល់ ខ្ញុំសូមលើកយកឧទាហរណ៍មកបង្ហាញថា បើតាមការសង្កេតរបស់មនុស្សជាច្រើនបានឱ្យដឹងថា ក្មេងដែលទើបតែចាប់ផ្ដើមរៀនដើរដំបូង ពួកគេតែងតែជួបឧបសគ្គដោយមិនអាចចៀសរួច ពោលគឺតែងតែដួលម្ដងហើយម្ដងទៀត។

ធម្មជាតិនៃក្មេង ដ្បិតថាពួកគេត្រូវក្រោកឡើងដួលម្ដងហើយម្ដងទៀតក៏ដោយ ក៏ពួកគេមិនព្រមបោះបង់ការព្យាយាមឬរាងចាលនោះដែរ។ ការណ៍ដែលមិនព្រមបោះបង់ មិនបាក់ស្បាត និងមិនខ្លាចឈឺចាប់នេះហើយ ទើបធ្វើឱ្យពួកគេជោគជ័យ ពោលអាចដើរបានដោយស្ទាត់ជំនាញ។

ការផ្សាយពាណិជ្ជកម្ម

បើនិយាយពីវិស័យជំនួញវិញ បុគ្គលជោគជ័យមួយចំនួនទម្រាំតែមានឱកាសឡើងទៅដល់ចំណុចជោគជ័យក្នុងកម្រិតណាមួយបាន គឺត្រូវហែលឆ្លងកាត់ឧបសគ្គ និងបរាជ័យជាច្រើនដំណាក់កាលណាស់។ បើអ្នកទាំងនោះជួបឧបសគ្គ និងបរាជ័យច្រើនដំណាក់កាលយ៉ាងនេះ ចុះហេតុអ្វីបានជាពួកគេអាចក្លាយជាបុគ្គលជោគជ័យបាន? ច្បាស់ណាស់ នោះគឺមកពីពួកគេមិនបោះបង់សេចក្ដីព្យាយាម មិនងាយបាក់ស្បាត និយាយរួមជាបុគ្គលដួលហើយចេះក្រោកឈរវិញ និងជាបុគ្គលមានទស្សនវិស័យ​បោះជំហានបន្ដទៅមុខជានិច្ច។

132754666_3932995930079170_7183602957030580054_o

ការផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍ថា បើយើងវិនិយោគលើជំនួញអ្វីមួយ ហើយគ្រាន់តែបរាជ័យលើកទីមួយ យើងបែរជាបោះបង់ជំនួញនោះចោល នោះយើងមិនអាចជោគជ័យបានឡើយ។ តើធ្វើដូចម្ដេចទើបជោគជ័យ? ចម្លើយគឺមិនត្រូវបោះបង់ចោលនូវសេចក្ដីព្យាយាម។ ពោលយើងត្រូវបន្តធ្វើជំនួញនោះម្ដងហើយម្ដងទៀត ប៉ុន្តែត្រូវតែកែប្រែរូបមន្តឬវិធីសាស្រ្តចាស់ចោល ដោយដាក់រូបមន្តឬវិធីសាស្រ្តថ្មីចូលជំនួសវិញម្ដង។ បើអាចធ្វើបែបនេះបាន នោះយើងនឹងក្លាយជាបុគ្គលជោគជ័យ ហើយជោគជ័យដ៏អស្ចារ្យថែមទៀតផង។ សូមចាំថា បរាជ័យ គឺជាធាតុផ្សំឬជាជណ្ដើរឡើងទៅកាន់ជោគជ័យ។

ដូច្នេះ បើធ្វើអ្វីមួយបរាជ័យ សូមកុំបាក់ទឹកចិត្តឱ្យសោះ ព្រោះជីវិតយើងម្នាក់ៗមានឱកាសវែងឆ្ងាយច្រើនណាស់។ ម្ល៉ោះហើយ បើដួលត្រូវងើប បើកាន់តែដួលកាន់តែប្រឹងងើប នោះទើបធ្វើឱ្យជីវិតយើងរឹងមាំនិងមានឧត្តមភាពប្រសើរជាងមុនមិនខាន។ សំខាន់សូមកុំបោះបង់នូវការព្យាយាម បើដួលត្រូវងើប បើទោះបីជាត្រូវទទួលរងនូវក្តីឈឺចាប់យ៉ាងណាក៏ដោយ ក៏គួរតែងើបឡើងបន្តទៀត បើងើបមិនរួចក៏ត្រូវតែវារ ហើយអ្វីដែលសំខាន់ សូមធ្វើវាឱ្យបាន និងកុំបោះបង់ឱ្យសោះ៕

ការផ្សាយពាណិជ្ជកម្ម

#ស្រង់ពីសៀវភៅ_១០៨_ចក្ខុវិស័យ_គួច_ម៉េងលី
#និពន្ធដោយ_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី
#បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

ការផ្សាយពាណិជ្ជកម្ម