តាមពិត ខ្ញុំជាមនុស្សដែលប្រើអារម្មណ៍ និងមនោសញ្ចេតនាមិនតិចទេ ប៉ុន្តែ … មើលរឿងនេះហើយ ខ្ញុំរកកន្លែងយំអត់ឃើញទេ … អ្នកខ្លះក៏និយាយថា អ្នកដែលមើលរឿងហ្នឹងហើយអត់យំ មកពីអ្នកហ្នឹងអត់មានបេះដូង … វាប្រហែលមែនហើយ ព្រោះខ្ញុំដឹងថា ការមើលរឿងមួយនេះ ខ្ញុំបានប្រើបេះដូងដើម្បីជម្រុញឱ្យទៅមើល ប៉ុន្តែ … ពេលតាមដានសាច់រឿងនេះ ខ្ញុំប្រើខួរក្បាលទាំងស្រុង ក្នុងការវិភាគសាច់រឿង និងអត្ថន័យនៃទង្វើរបស់តួនីមួយៗ។

មនុស្សភាគច្រើនិយាយថា គាត់អាណិតតួស្រីតួប្រុសណាស់ មានស្នេហាស្មោះស័្មគ្រចំពោះគ្នា អាណិតពួកគេស្រឡាញ់គ្នា តែបែរជាមិនបានជួបគ្នា ខំលះបង់ដើម្បីគ្នា ចុងក្រោយ នៅតែបែកគ្នា … ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំសូមនិយាយថា ខ្ញុំអាណិតតួពេទ្យធ្មេញ និងជាងថតស្រីទៅវិញទេ ដែលអ្នកទាំងពីរមិនដឹងអីសោះ បែរជាត្រូវគេយកគាត់ធ្វើជាតួជំនួស ឬតួដើម្បីបំពេញបំណងប្រាថ្នារបស់មនុស្សពីរនាក់ដែលអាត្មានិយមទៅវិញ។

និយាយការពិត ក្នុងរឿងហ្នឹង តួឯកទាំងពីរនាក់នេះ គឺអាត្មានិយមផុតលេខហើយ ៖
- តួឯកប្រុស ៖ ដើម្បីតែបំពេញបំណង និងចង់ឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់បានជួបបុរសពិតប្រាកដម្នាក់ អាចមើលថែនាងបាន បែរជាហ៊ានទៅសុំសង្សារអ្នកផ្សេងឱ្យគេបែកគ្នា ដើម្បីឱ្យសង្សារគេនោះមកចង់ និងមើលថែមនុស្សដែលខ្លួនស្រលាញ់ទៅវិញ។
- តួឯកស្រី ៖ ដើម្បីតែបំពេញក្ដីស្រមៃ និងការចង់បានរបស់ប្រុសដែលខ្លួនស្រឡាញ់ បែរជាទៅយកពេទ្យធ្មេញមកធ្វើជាតួជំនួស ទុកដូចតុក្កតាគ្មានវិញ្ញាណ ទុកដូចទីមោងបំពេញបំណង និងតម្រូវការរបស់ខ្លួនឯងតែម្នាក់ ជាមួយនឹងសង្សារលាក់លៀមនោះ។
ស្នេហាកើតពីភាពអាត្មានិយម បំផ្លាញអ្នកដទៃបែបហ្នឹង តើមានត្រង់ណាដែលឱ្យរំជួលចិត្តទៅ?


អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

