អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារ? នេះជាសំណួរដ៏សែនស្រគាត្រចៀក តែខាងក្រោមនេះ ជាចម្លើយរបស់ខ្ញុំ

អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារ? នេះជាសំណួរដ៏សែនស្រគាត្រចៀក តែខាងក្រោមនេះ ជាចម្លើយរបស់ខ្ញុំ
ការផ្សាយពាណិជ្ជកម្ម

មានអ្នកថាឱ្យខ្ញុំថា ៖ អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារទៀត ខ្មាសក្មេងៗណាស់ អាយុប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកណាស្រឡាញ់ទៀត។

ខ្ញុំមិនបានឆ្លើយតបចំពោះមុខគាត់ទេ ព្រោះគិតថា មិនសមនឹងតប ចម្លើយរបស់ខ្ញុំវាអាចនឹង ខុស ហើយឈ្លើយបន្តិច តែវាជាអារម្មណ៍ ជាចិត្តគំនិតរបស់ខ្ញុំ។ ព្រោះតែខ្ញុំអាយុច្រើន ទើបខ្ញុំមិនយកសង្សារ ព្រោះមិនចង់ទាក់ទងអ្នកណាដោយគ្មានភាពច្បាស់លាស់ មិនចង់សាងទំនាក់ទំនងហើយក៏បែកគ្នានោះឡើយ។

ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ? ខ្ញុំបដិសេធគេ ព្រោះតែមនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់ និងចង់បាន មនុស្សដែលចង់ចូលមកសុទ្ធតែកូនក្មេង លេងសើច តាមតែអារម្មណ៍មួយឆាវ សួរថា បើម្នាក់នោះ មិនមែជាមនុស្សដែលមានចរិតលក្ខណៈដែលខ្ញុំចង់បានផងនោះ តើទាក់ទងគ្នាធ្វើអ្វី មុននឹងក្រោយគង់តែបែកគ្នាដដែលហ្នឹង បើគេមិនមែនជាមនុស្សដែលខ្លួនស្រឡាញ់ផង ទាក់ទងគ្នា ដើម្បីតែបែក ឬធ្វើឱ្យគេខូចចិត្ត និងឈឺចាប់ ខ្លាចបាបឆ្អាបខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំអត់ខ្វល់ទេថា ខ្ញុំអាយុច្រើន មានសង្សារ ឬគ្មានសង្សារ ព្រោះជីវិតខ្ញុំ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ព្រោះខ្ញុំកាន់តែចាស់ អាយុកាន់តែច្រើន ទើបខ្ញុំត្រូវតែគិតឱ្យបានច្បាស់លាស់ក្នុងរឿងនេះ។

ខ្ញុំមិនបានគ្រាន់ទែចង់បានស្នេហាមួយដើម្បីកំដរ ឬរំសាយអារម្មណ៍ឯកានោះទេ ខ្ញុំត្រូវការមនុស្សម្នាក់ដែលច្បាស់លាស់ ជាមនុស្សដែលអាចកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង ព្រោះមិនចង់រៀបការហើយក៏លែងគ្នា ហើយរៀបការម្ដងទៀតនោះទេ ដឹងអត់ថា ការរៀបការវាហត់នឿយ វាចំណាយអស់ច្រើនណាស់ មិនមែនហត់តែយើងម្នាក់ទេ នៅម៉ាក់ប៉ា ក្រុមគ្រួសារ សាច់ញាតិ​បងប្អូន គ្មាននរណាទំនេរមកការយើងំមួយដង ជាពីរដងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំត្រូវការទំនាក់ទំនងបែបចាស់ទុំ ចាស់ចិត្តចាស់គំនិត អាចរួមដំណើរជីវិតជាមួយគ្នាយ៉ាងពិតប្រាកដ ព្រោះជីវិតនេះ វ័យកាន់តែជ្រេ អាយុកាន់តែច្រើន ការសាងគ្រួសារក៏កាន់តែសំខាន់ សុំត្រឹមមានការងារមួយច្បាស់លាស់ មុខរបរនឹងធឹង មានលុយចាយគ្រប់គ្រាន់ មានឡាន មានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយក៏សាងគ្រួសារមួយដ៏កក់ក្ដៅ មិនមែនរស់នៅ ចង់មានត្រឹមតែសង្សារ មានស្នេហា​ ព្រោះតែខ្លាចឯកា ខ្លាចគេថា អាយុច្រើនគ្មានអ្នកណាស្រឡាញ់នោះទេ។

ដូច្នេះ ពេលនេះខ្ញុំគ្មានសង្សារ គ្មានទំនាក់ទំនងស្នេហា​ ព្រោះខ្ញុំត្រូវការសាងគ្រួសារ មិនមែនសាងស្នេហាមួយឆាវ ដើម្បីទាក់ទងមនុស្សឱ្យបានច្រើនគ្នា ទើបគេថាហំនោះឡើយ។ ហើយមនុស្សដែលចូលមកក្នុងជីវិតខ្ញុំ ទាល់តែជាមនុស្សដែលខ្ញុំស្រឡាញ់ពេញចិត្ត និងជាមនុស្សដែលព្រមទទួលយកខ្ញុំបានគ្រប់យ៉ាង ព្រោះខ្ញុំក៏មិនចង់ឱ្យគេចូលមក ហើយសោកស្ដាយព្រោះតែជ្រើសយកខ្ញុំនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំធ្លាប់បដិសេធមនុស្សមួយចំនួន មិនមែនព្រោះតែខ្ញុំតាំងខ្លួនជាមនុស្សល្អឥតខ្ចោះនោះទេ តែមកពីខ្ញុំចង់បានមនុស្សដែលខ្ញុំស្រឡាញ់ ពេញចិត្ត និងមានចំណុចដែលខ្ញុំចង់បាន ខ្ញុំក៏មិនដឹងថាខ្លួនឯងល្អកម្រិតណានោះឡើយ តែខ្ញុំនឹងធ្វើឱ្យមនុស្សដែលព្រមរួមដំណើរជីវិតជាមួយខ្ញុំ ក្លាយជាមនុស្សដែលមានសំណាង មានគ្រប់យ៉ាង ទាំងទ្រព្យធន និងក្ដីសុខ សុភមង្គលក្នុងជីវិត ព្រោះនេះជាគោលដៅសំខាន់នៅក្នុងជីវិតខ្ញុំ។

សំណេរនេះ ផ្ញើជូនអ្នកដែលធ្លាប់សួរខ្ញុំកន្លងមក ចម្លើយខ្ញុំច្រើន ទើបខ្ញុំមិនធ្លាប់ឆ្លើយដោយផ្ទាល់ទៅកាន់អ្នកទាំងអស់គ្នា៕

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម