រាល់ការបែកបាក់ គឺសុទ្ធតែមានហេតុ និងផលច្បាស់លាស់ អ្នកខ្លះ មិនព្រមប្រាប់ហេតុផលនៃការបែក មិនមែនថាគេមិនមានហេតុផលទេ តែអាចមកពីគេមិនដឹងថាគួរនិយាយបែបណា ហើយចាប់ផ្ដើមពីរ្រង់ណាទៅមុន។ ត្រូវចាំថា គ្មានការជួបណាដែលថាមិនបែកនោះឡើយ ហើយការបែកមានតែពីរទេគឺ បែករស់ និងបែកស្លាប់។

ក្នុងនាមយើងជាអ្នកមិត្ត ឬជាញាតិបងប្អូនម្ខាងណា ជាអ្នកបារម្ភ អ្នកលើកទឹកចិត្ត អ្នកស្រឡាញ់រាប់អាន គួរតែផ្ដល់កម្លាំងចិត្ត ចៀសវាង ការចោតជាសំណួរ ដេញដោល ខ្សឹបខ្សៀវ ដដែលៗដើម្បីចង់ដឹង ហើយយកទៅនិយាយបន្តថែមថយយូរៗ វាអាចក្លាចទៅជារឿងផ្សេង… រឿងរ៉ាវនៅលើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ តែវាឋិតត្រង់ថា យើងក្លាហាននឹងទទួលយកវាឬក៏អត់តែប៉ុណ្ណឹងឯង … ជាមនុស្សដូចគ្នាកុំសើចយំការបែកបាក់របស់អ្នកដទៃ ព្រោះអ្នកខ្លួនឯងក៏មិនអាចមើលឃើញវិនាទីទៅមុខថាអ្នកនឹងជួបអ្វីខ្លះនោះទេ តែអ្វីដែលយើងគួរធ្វើនោះគឺ ត្រៀមចិត្ត ធ្វើចិត្ត កាត់ចិត្ត និងបើកចិត្តទទួលយកការពិតដែលនឹងកើតឡើង។

ជីវិតអ្នកដទៃ រឿងរបស់អ្នកដទៃ យើងជាអ្នកដទៃ មិនគួរលូកដៃ ទៅចេះដឹងរឿងគេនោះទេ ពេលខ្លះ រឿងគេ បញ្ហាគេ អាចនឹងមិនធំឡើយ តែបែរជាបែកបាក់ វាក៏ព្រោះតែការមានវត្តមានរបស់យើងចូលទៅជួយដោះស្រាយ ឬបញ្ចេញបញ្ចូលក៏ថាបានដែរ។ មិនថាមានរឿងអ្វីទេ គេជួប ឬបែក បញ្ចប់ ឬបន្ត គឺមានតែខ្លួនគេ ម្ចាស់សមីរខ្លួនគេផ្ទាល់ទេទើបដឹងច្បាស់ពីបញ្ហារបស់គេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ