ក្នុងមួយជីវិតរបស់មនុស្សស្រី នាងរមែងទទួលបានការឈឺចាប់ជាច្រើន ជាពិសេសគឺ ក្នុងជិវិតដែលរៀបការ មានគ្រួសារជារបស់ខ្លួនឯង ហើយនៅពេលដែលនាងមានស្វាមីដែលតែងតែធ្វើឱ្យនាងឈឺចាប់ និងឆ្អែតចិត្តយ៉ាងខ្លាំង។
ទឹកភ្នែកមនុស្សស្រី ងាយនឹងស្រក់ចុះមកណាស់ ទោះបីពេលខ្លះ នាងប្រឹងទប់ និងឃាត់មិនឱ្យទឹកភ្នែកស្រក់ចុះក៏ដោយ។ តែយ៉ាងណាមិញ ស្ថិតក្នុងសភាព ឬដល់ដំណាក់កាលទាំងនេះ មនុស្សស្រីនាងលែងមានទឹកភ្នែកស្រក់ដើម្បីអ្នកណា ឬព្រោះតែរឿងអ្វីទៀតហើយ។
១. ពេលដែលនាងលែងមានពាក្យថាអភ័យ ឱ្យមនុស្សម្នាក់នោះ

នៅពេលដែលមនុស្សប្រុសម្នាក់នោះ តែងតែធ្វើខុសម្ដងហើយម្ដងទៀត ហើយមនុស្សស្រី នាងតែងតែអភ័យឱ្យមនុស្សម្នាក់នោះគ្រប់ពេល ហើយនាងក៏តែងតែស្រក់ទឹកភ្នែក តែដល់ពេលមួយដែលនាងលែងយំ ព្រមជាមួយនឹងការអភ័យ នោះមានន័យថា វាជាការអត់ឱនជាលើកចុងក្រោយ ពេលនោះហើយនាងក៏ដឹងដើរចេញ ដោយគ្មានទឹកភ្នែកឱ្យអ្នកសូម្បីតែមួយតំណក់។
២. ពេលនាងអស់ចិត្ត

នាងអស់ចិត្ត នាងឆ្អែតចិត្ត គឺមកពីនាងលែងមានអារម្មណ៍ ឬមនោសញ្ចេតនាចំពោះអ្នកបន្តទៀតហើយ។ នៅពេលដែលមនុស្សស្រីនាងអស់ចិត្ត និងឆ្អែតចិត្តខ្លាំង នាងក៏លែងចង់បានអ្វីទៀតដែរ សុំត្រឹមតែសេរីភាព និងដើរផ្លូវផ្សេងគ្នា នាងរឹងមាំគ្រប់គ្រាន់ អាចមើលថែខ្លួនឯងបាន ដូច្នេះ នាងមិនទន់ជ្រាយ ស្រក់ទឹកភ្នែកដើម្បីអ្នកណាទៀតឡើយ។
៣. ពេលនាងដឹងថាខ្លួនឯងគួរទទួលបានការគោរពដ៏ពិតប្រាកដ

ច្បាស់ណាស់ នៅពេលដែលមនុស្សស្រីដឹងខ្លួនឯងច្បាស់ថា ខ្លួនមានតម្លៃគ្រប់គ្រាន់ដើម្បីទទួលបានការគោរព ដូច្នេះ នាងក៏លែងស្រក់ទឹកភ្នែក ធ្វើខ្លួនកម្សត់ ដើម្បីសុំការអាណិតអាសូរពីអ្នកណាម្នាក់ទៀតដែរ។ មនុស្សស្រីមានតម្លៃ ដូច្នេះ នាងក៏ត្រូវតែទទួលបានការគោរពពីមនុស្សចជុំវិញខ្លួន ដោយភាពរឹងប៉ឹង មិនមែនការអាណិតអាសូរ ព្រោះតែភាពទន់ជ្រាយនោះឡើយ៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ