ខ្សែប្រយុទ្ធក្រុមជម្រើសជាតិន័រវែស និង Manchester City Erling Haaland បានដាក់ពាក្យប្តឹងក្រុមហ៊ុនអាកាសចរណ៍ Norwegian Air Shuttle ASA ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានប្រើប្រាស់លក្ខណៈសម្គាល់របស់គេដោយគ្មានការអនុញ្ញាត ក្នុងការផ្សព្វផ្សាយសំបុត្រយន្តហោះអំឡុងព្រឹត្តិការណ៍ FIFA World Cup 2026។

មេធាវីរបស់ Haaland លោក Thomas Hagen បានបញ្ជាក់ថា លោកបានដាក់ពាក្យប្តឹងក្នុងនាម York Promotions Ltd. និង Erling Braut Haaland ប្រឆាំងនឹង Norwegian Air Shuttle ASA។ តាមឯកសាររបស់ Oslo District Court សំណុំរឿងនេះពាក់ព័ន្ធនឹងការចោទប្រកាន់ពីការបំពានច្បាប់ទីផ្សារ។
ជម្លោះនេះត្រូវបានគេជឿថា ពាក់ព័ន្ធនឹងការបង្ហោះមួយរបស់ Norwegian នៅលើបណ្ដាញសង្គមអំឡុង World Cup ដែលបង្ហាញរូបយន្តហោះរបស់ក្រុមហ៊ុន ដោយកែសម្រួលបន្ថែម សក់ពណ៌ទង់ដែងចងកន្ទុយ ដែលជារូបរាងដ៏ល្បីរបស់ Haaland កាលពីមុន។ ការបង្ហោះនោះមានសារថា “We’ve never looked more Norwegian” ហើយត្រូវបានលុបចេញនៅពេលក្រោយ។

ខាង Norwegian បានបញ្ជាក់ថា ខ្លួនបានទទួលពាក្យប្តឹង ប៉ុន្តែមានការភ្ញាក់ផ្អើលចំពោះសំណុំរឿងនេះ។ ក្រុមហ៊ុនអះអាងថា ការបង្ហោះទាំងនោះជាការបង្ហោះដោយឯកឯង ដើម្បីគាំទ្រក្រុមជម្រើសជាតិន័រវែស និងទទួលឥទ្ធិពលពីនិន្នាការនៅលើបណ្ដាញសង្គម។
សំណុំរឿងនេះនឹងមាន កិច្ចប្រជុំរៀបចំសំណុំរឿងតាមប្រព័ន្ធវីដេអូ នៅ Oslo District Court នៅថ្ងៃទី 9 ខែតុលា ឆ្នាំ 2026។ កិច្ចប្រជុំនេះជាជំហានរៀបចំមុនការជំនុំជម្រះសំណុំរឿងសំខាន់ ហើយមិនមែនជាការសម្រេចថាភាគីណាមួយមានកំហុសនោះទេ។

Haaland ក៏នៅតែបន្តភារកិច្ចជាមួយក្រុមជម្រើសជាតិន័រវែសក្នុងការប្រកួត UEFA Nations League អំឡុងពេលសម្រាកប្រកួតអន្តរជាតិនេះ ខណៈសំណុំរឿងផ្លូវច្បាប់ជាមួយ Norwegian កំពុងបន្តដំណើរការ។